(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កំពុងពិចារណាលើផែនការមួយដែលនឹងបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនទាំងអស់ចាកចេញពីភាគខាងជើង តំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងទីក្រុងហ្កាហ្សា ក្នុងគោលដៅឡោមព័ទ្ធក្រុមហាម៉ាស រហូតដល់ពួកគេយល់ព្រមដោះលែងចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
មិនទាន់មានព័ត៌មានច្បាស់ការថាតើមានប្រជាជនប៉ុន្មាននាក់ កំពុងរស់នៅភាគខាងជើងនៃច្រករបៀង Netzarim Corridor ដែលខណ្ឌចែកតំបន់ហ្កាហ្សាជា ២ចំណែកនោះទេ។ ចំណែក ផែនការដែលលោក Netanyahu កំពុងពិចារណានោះ ក៏មិនបាននិយាយថាតើជនស៊ីវិលនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់មកកាន់តំបន់ភាគខាងជើងហ្កាហ្សាឬក៏យ៉ាងណានោះទេ ហើយ ក៏មិនទាន់ដឹងថាតើជនស៊ីវិល អាចត្រឡប់ទៅផ្ទះរបស់ពួកគេក្នុងតំបន់នេះវិញនៅពេលណា ឬក៏ដោយរបៀបណានោះដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធហាម៉ាសជាង ៥០០០នាក់ ត្រូវបានវាយតម្លៃថាកំពុងស្ថិតនៅក្នុងតំបន់ភាគខាងជើងហ្កាហ្សា ហើយបើតាមផែនការខាងលើ អ៉ីស្រាអែល មានគោលដៅ ឡោមព័ទ្ធបង្អត់អាហារក្រុមហាម៉ាស រហូតដល់ពួកគេយល់ព្រមដោះលែងចំណាប់ខ្មាំង ១០១នាក់ ដែលកំពុងជាប់ឃុំនៅហ្កាហ្សា៕