(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ច ដ៏សំខាន់មួយ ដើម្បីពន្យល់ពីផែនការរបស់ទីក្រុងកៀវ សំដៅបញ្ចប់សង្រ្គាមចាយពេលជាង២ឆ្នាំកន្លះមកនេះ ជាមួយរុស្ស៉ី ទៅកាន់មេដឹកនាំអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reutrers។
បើតាមការគ្រោងទុក លោក ហ្សេលេនស្គី នឹងត្រូវធ្វើបទបង្ហាញពីផែនការមួយដែលលោកផ្ទាល់ហៅថា «ផែនការជ័យជម្នះ» ទៅកាន់លោកប្រធានាធិបតី ចូ បៃដិន រួមទាំងបេក្ខជន ប្រធានាធិបតីទាំង២ គឺលោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ។ ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី កើតមានឡើងចំពេលកងទ័ពរុស្ស៉ី កំពុងមានភាពរីកចម្រើន នៅតំបន់ភាគខាងកើតអ៊ុយក្រែន ខណៈកងទ័ពអ៊ុយក្រែនកំពុងកាន់កាប់ទឹកដីរុស្ស៉ីមួយចំនួនក្នុងតំបន់ Kursk។ វាក៏កើតឡើងផងដែរ ខណៈទីក្រុងកៀវ ទទូចសុំម្ដងហើយម្ដងទៀតឱ្យ លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយវាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែ នៅមិនទាន់មាន ចម្លើយតបពីលោកខាងលិចនៅឡើយទេ។
លោក ហ្សេលេនស្គី ក៏ត្រូវបានរំពឹងដែរថានឹងព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ចូ បៃដិន ផ្លាស់ប្ដូរចិត្ត។ «យើងបានមកដល់សហរដ្ឋអាមេរិក។ ផែនការសម្រាប់ជ័យជម្នះរបស់អ៊ុយក្រែន នឹងត្រូវដាក់លើតុពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់យើង»។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី ក្នុងការសរសេរមួយលើបណ្ដាញទំនាក់ទំនងសង្គម។
គួរបញ្ជាក់ថា លោក ហេ្សលេនស្គី បាននិយាយថាលោកត្រូវនឹងធ្វើដំណើរទៅកាន់រដ្ឋ Pennsylvania សម្រាប់ដំណើរទស្សនកិច្ចពិសេសមួយ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ មុននឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីនតោន៕