(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងមិនឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតី ជាលើកទី៤ទៀតនោះទេ ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Full Measure របស់លោកស្រី Sharyl Attkisson ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា។ នៅពេលត្រូវបានសាកសួរថាតើរូបលោកនឹងឈរឈ្មោះប្រកួតប្រជែងសាជាថ្មីនៅ៤ឆ្នាំក្រោយដែរឬទេ ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ លោក ត្រាំ បាននិយាយថា «ពិតណាស់ ខ្ញុំនឹងមិនឈរឈ្មោះនោះទេ...ប៉ុន្តែសង្ឃឹមថាយើងនឹងទទួលបានជ័យជម្នះ»។
គួរបញ្ជាក់ថា លទ្ធផលស្ទង់មតិកាលពីពេលថ្មីៗនេះ បានបង្ហាញថាលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា នៅតាមរដ្ឋសំខាន់ៗមួយចំនួនដែលអាចនឹងកំណត់ថាតើនរណានឹងទទួលបានជ័យជម្នះ៕