(RAMALLAH)៖ ទូរទស្សន៍ Al Jazeera បាននិយាយថាកងកម្លាំងអ៉ីស្រាអែលប្រដាប់ដោយអាវុធ និងពាក់ម៉ាសបិទមុខ បានចុះឆែកឆេរការិយាល័យរបស់ខ្លួន នៅក្នុង ទីក្រុង Ramallah នៃតំបន់ West Bank កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ហើយបានចេញបញ្ជាឱ្យការិយាល័យនេះបិទទ្វាររយៈពេល៤៥ថ្ងៃ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ចាប់តាំងពីសង្រ្គាមហ្កាហ្សា ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល Al Jazeera តែងតែ រាយការណ៍ជាប្រចាំពីស្ថានភាពសង្រ្គាមនៅហ្កាហ្សា។ យោធាអ៉ីស្រាអែលវិញ បានចោទប្រកាន់ម្ដងហើយម្ដងទៀតថាទូរទស្សន៍មានមូលដ្ឋានក្នុងប្រទេសកាតាមួយនេះ មានទំនាក់ទំនងជាមួយក្រុមហាម៉ាស ឬចលនាប្រដាប់អាវុធ Islamic Jihad។ ប៉ុន្តែ Al Jazeera បានច្រានចោលការចោទប្រកាន់របស់អ៉ីស្រាអែល ហើយថាអ៉ីស្រាអែល មានចេតនាកំណត់គោលដៅលើអ្នកសារព័ត៌មានរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដោយចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក មានអ្នកសារព័ត៌មាន Al Jazeera ៤នាក់ហើយ ត្រូវបានសម្លាប់ រីឯការិយាល័យខ្លះរងការទម្លាក់គ្រាប់បែកពីយោធាអ៉ីស្រាអែល។
បើតាម Al Jazeera កងកម្លាំងអ៉ីស្រាអែលមិនបានប្រាប់ពីហេតុផលនៅពីក្រោយការបញ្ជាឱ្យបិទការិយាល័យព័ត៌មានរបស់ខ្លួន នៅក្នុងទីក្រុង Ramallah ទេ ដោយគ្រាន់តែ ទាហានអ៉ីស្រាអែលម្នាក់បានបញ្ជាក់ថាមានដីកាពីតុលាការឱ្យបិទការិយាល័យ Al Jazeera រយៈពេល ៤៥ថ្ងៃ។
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ សភាអ៉ីស្រាអែល បានអនុម័តច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យបិទប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលត្រូវបានចាត់ទុកថាបង្កការគំរាមកំហែង ដល់សន្តិសុខជាតិ៕