(ឡង់ដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ្នកតាំងលំនៅអ៊ីស្រាអែលនៅតំបន់ West Bank ជុំវិញការកើនឡើងនៃអំពើហឹង្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ និងឧសភាកន្លងទៅ ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែលមួយចំនួន ដោយសារតែពួកគេបានប្រព្រឹត្តអំពើហិង្សាលើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank។

លោក Lammy ដែលបានឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេស ក្រោយពីគណបក្ស Labour ឈ្នះឆ្នោតកាលពីខែកក្កដា បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីនឹងបន្តអនុវត្តគោលនយោបាយដាក់ទណ្ឌកម្មស្រដៀងគ្នានេះ ហើយថែមទាំងអាចដាក់ទណ្ឌកម្មបន្ថែមទៀតផង។

លោកបានបន្ថែមថា ទោះបីជាយល់ពីកង្វល់សន្តិសុខរបស់អ៊ីស្រាអែលនៅតំបន់ West Bank ក៏ដោយ ក៏ចក្រភពអង់គ្លេសមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងកើនឡើង និងភាពតានតឹងដែលកំពុងក្តៅគគុក។ លោក Lammy បានបញ្ជាក់យ៉ាងច្បាស់ថា ចក្រភពអង់គ្លេសនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការទេ ប្រសិនបើចាំបាច់ ហើយកំពុងពិភាក្សាយ៉ាងសកម្មជាមួយសម្ព័ន្ធមិត្ត G7 និងអឺរ៉ុបអំពីបញ្ហានេះផងដែរ៕