(ប៊ឺមីងហាំ)៖ ការបាញ់ប្រហារដ៏រន្ធត់មួយបានកើតឡើងនៅក្នុងសង្កាត់ Five Points South នៃទីក្រុងប៊ឺមីងហាំ (Birmingham) រដ្ឋ Alabama របស់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ៤ នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីប៉ូលិសជឿថា ការបាញ់ប្រហារនេះពាក់ព័ន្ធនឹងក្រុមអ្នកវាយប្រហារជាច្រើននាក់ ដែលបានបាញ់ជាច្រើនគ្រាប់ទៅលើហ្វូងមនុស្ស។
ក្នុងចំណោមជនរងគ្រោះ មានបុរសពេញវ័យពីរនាក់ និងស្ត្រីពេញវ័យម្នាក់ ដែលបានស្លាប់នៅកន្លែងកើតហេតុ ខណៈជនរងគ្រោះទី៤ បានស្លាប់នៅមន្ទីរពេទ្យក្នុងស្រុក។ មនុស្សរាប់សិបនាក់ទៀតបានរងរបួស ដោយយ៉ាងហោចណាស់បួននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប៉ូលិសកំពុងស៊ើបអង្កេតករណីនេះ ដោយមានការចូលរួមពីភ្នាក់ងារជាច្រើន រួមទាំងការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) និងការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) ផងដែរ។ អាជ្ញាធរក៏កំពុងអំពាវនាវដល់សាធារណជន ដើម្បីផ្តល់ព័ត៌មានណាមួយដែលអាចជួយដល់ការស៊ើបអង្កេត។
គួរបញ្ជាក់ថា នេះគឺជាការបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោចណាស់លើកទី ៤០៣ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ដែលបានរួមចំណែកដល់ចំនួនអ្នកស្លាប់ ដោយអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើងសរុបចំនួន ១២,៤១៦ នាក់នៅក្នុងឆ្នាំ ២០២៣៕