(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបដិសេធចូលរួម ការជជែកតស៊ូមតិគ្នាសាជាថ្មី ជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅមុនការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីក្រុមយុទ្ធនាការរបស់លោកស្រី បានប្រកាសថា លោកស្រីបានទទួលយក សំណើរៀបចំការតស៊ូមតិលើកទី២នោះ ពីសំណាក់ស្ថានីយទូរទស្សន៍ព័ត៌មាន CNN។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។
ប្រធានយុទ្ធនាការបោះឆ្នោតរបស់លោកស្រី Harris បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «លោកស្រីអនុប្រធានាធិបតី ហារីស បានត្រៀមខ្លួនជាស្រេច សម្រាប់ឱកាសលើកទី២ ដើម្បីឡើងតស៊ូមតិគ្នាជាមួយ លោក ដូណាល់ ត្រាំ ហើយលោកស្រីបានទទួលយក ការអញ្ជើញរបស់ CNN ដើម្បីជជែកតស៊ូមតិគ្នាសាជាថ្មី នៅថ្ងៃទី២៣ ខែតុលា។ លោក ដូណាល់ ត្រាំ មិនគួរមានបញ្ហាអ្វីឡើយ ក្នុងការយល់ព្រមចំពោះការតស៊ូមតិនេះ»។
យ៉ាងណាមិញ លោក ត្រាំ នៅតែប្រកាន់ជំហរដូចមុនរបស់លោកដដែល គឺមិនគួរមានការតស៊ូមតិគ្នាថ្មីទៀត មុនពេលប្រជាជនត្រូវទៅបោះឆ្នោត នាថ្ងៃទី៥ ខែវិច្ឆិកា នោះឡើយ។ លោក ត្រាំ បាននិយាយដូច្នេះថា «បញ្ហានៃការតស៊ូមតិគ្នាថ្មីទៀត គឺវាហាក់ជ្រុលពេលទៅហើយ»។ លោកស្រី ហារីស និងលោក ត្រាំ បានឡើងតស៊ូមតិគ្នាលើកដំបូង កាលពីថ្ងៃទី១០ ខែកញ្ញា ក្រោមការរៀបចំរបស់ ស្ថានីយ ABC News ហើយការស្ទង់មតិភាគច្រើន បានបង្ហាញថា លោកស្រី ហារីស ជាអ្នកមានប្រៀបក្នុងការតស៊ូមតិនោះ។
គួរបញ្ជាក់ថា លោក ត្រាំ បានតស៊ូមតិជាមួយលោក បៃដិន កាលពីខែមិថុនា។ ការធ្វើមិនបានល្អរបស់លោក បៃដិន នាពេលនោះ បានបង្កការព្រួយបារម្ភជាខ្លាំង ដល់គណបក្សប្រជាធិបតេយ្យ រហូតទីបំផុតបានជំរុញឱ្យមានការផ្លាស់ប្តូរបេក្ខជនប្រធានាធិបតី។ លោក បៃដិន បានប្រកាសដកខ្លួនកាលពីខែកក្កដា ហើយលោកស្រី ហារីស ត្រូវបានជ្រើសរើសជាបេក្ខជនជំនួសវិញ៕