(មូស្គូ)៖ កាលពីថ្ងៃសោរ៍សប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួននឹងចូលរួមកិច្ចប្រជុំអន្តជាតិស្តីពីសន្តិភាពអ៊ុយក្រែន ដែលអាចនឹងរៀបចំឡើងជាលើកទី២ នាខែវិច្ឆិកាខាងមុខឡើយ បើទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញសញ្ញាថា លើកនេះរូបលោកនឹងអញ្ជើញតំណាងទីក្រុងមូស្គូ ឱ្យចូលរួមក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។
កិច្ចប្រជុំសន្តិភាពលើកទី១ នៅឯប្រទេសស្វីស កាលពីខែមិថុនា គឺរុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួមទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំលើកទី២ មុខជានឹងមានគោលដៅដដែល គឺខំប្រឹងលើកស្ទួយរូបមន្តសន្តិភាពរបស់លោក ហ្សេលេនស្គី ដែលមិនអាចយកជាការបាន ដើម្បីធ្វើជាមូលដ្ឋានតែមួយគត់ សម្រាប់ការដោះស្រាយជម្លោះ និងព្យាយាមស្វែងរកការគាំទ្ររូបមន្តនោះ ពីប្រទេសភាគច្រើន រួចហើយយកវាមកដាក់បង្ខំលើរុស្ស៉ី ជាមួយឱសានវាទ ដើម្បីឱ្យរុស្ស៉ីយល់ព្រមចុះញ៉ម។ លោកស្រីអ្នកនាំពាក្យ បានបន្ថែមដូច្នេះថា «យើងនឹងមិនចូលរួមកិច្ចប្រជុំបែបនោះឡើយ»។
ទីក្រុងមូស្គូធ្លាប់បាននិយាយថា ខ្លួនត្រៀមជានិច្ចដើម្បីជជែកគ្នា អំពីសំណើមានភាពប្រាកដប្រជា ដែលគិតគូរអំពីទិដ្ឋភាពជាក់ស្តែង ដូចដែលបានរៀបរាប់ដោយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមិថុនា។ នាពេលនោះ លោក ពូទីន បាននិយាយថា រុស្ស៉ីនឹងយល់ព្រមបើកកិច្ចចរចាសន្តិភាព ប្រសិនបើអ៊ុយក្រែនសុខចិត្តលះបង់តំបន់ចំនួន៤ ដែលទីក្រុងមូស្គូបានប្រកាសកាត់យក ជាកម្មសិទ្ធិរបស់ខ្លួ។
គួរបញ្ជាក់ថា ការប្រកាសរបស់រុស្ស៉ីកើតមានឡើង មុនពេលលោក ហ្សេលេនស្គី នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ជាទីដែលលោកត្រូវគេរំពឹងថា នឹងបង្ហាញផែនការសន្តិភាពរបស់លោក ទៅកាន់ប្រធានាធិបតីលោក ចូ បៃដិន ព្រមទាំង លោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ។ ក្នុងចំណោមលោកស្រី ហារីស និងលោក ត្រាំ គឺម្នាក់នឹងត្រូវក្លាយជាប្រធានាធិបតីថ្មី របស់អាមេរិក ក្រោយការបោះឆ្នោតនាដើមខែវិច្ឆិកា៕