(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា ការវាយប្រហារលើប្រទេសលីបង់ក្នុងសប្តាហ៍នេះបង្ហាញថា រដ្ឋាភិបាលអ៉ីស្រាអែលគ្រោងនឹងឱ្យសង្រ្គាមរាលដាលទៅកាន់តំបន់ ដូច្នេះសូមអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចចាត់វិធានការរារាំង ប្រឆាំងនឹងសកម្មភាពរបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Erdogan បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុង Istanbul ថា «ដើម្បីឱ្យតំបន់របស់យើង មិនត្រូវបានអូសទាញទៅក្នុងមហន្តរាយដ៏ធំ ការដាក់សម្ពាធលើអ៉ីស្រាអែលត្រូវតែបង្កើនថែមទៀត»។ ដោយសំដៅលើការវាយប្រហារនៅលីបង់ លោក Erdogan បានបន្ថែមថា «ដើម្បីបញ្ចប់ការគាបសង្កត់ដែលបន្តអស់រយៈពេលជិតមួយឆ្នាំមកនេះ ដើម្បីបង្កើតបទឈប់បាញ់អចិន្ត្រៃយ៍ និងធានាដល់លំហូរជំនួយមនុស្សធម៌ យើងទាំងអស់គ្នា ពិភពលោកទាំងមូល និងជាពិសេសអង្គការសហប្រជាជាតិ គឺមានភារកិច្ចសំខាន់»។
គួរបញ្ជាក់ថា លោក Erdogan នឹងលើកយកបញ្ហាសង្គ្រាមអ៉ីស្រាអែលនៅហ្កាហ្សា ជារបៀបវារៈសំខាន់នៃសុន្ទរកថារបស់លោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃអង្គារសប្តាហ៍ក្រោយ៕