(កៀវ)៖ អង្គការណាតូ (NATO) បានបិទបញ្ចប់សមយុទ្ធប្រឆាំងយន្តហោះដ្រូន នៅក្នុងសប្តាហ៍នេះ ដោយអ៊ុយក្រែនក៏បានចូលរួមជាលើកដំបូងផងដែរ ខណៈសម្ព័ន្ធមិត្តលោកខាងលិចចង់រៀនសូត្រពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការប្រើប្រាស់យ៉ាងទូលំទូលាយនូវប្រព័ន្ធប្រឆាំងដ្រូន ក្នុងសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០២៤។
សមយុទ្ធដែលបានរៀបចំឡើងនៅឯមូលដ្ឋានយោធារបស់ប្រទេសហូឡង់ មានការចូលរួមពីប្រទេសជាង ២០ និងក្រុមហ៊ុនចំនួន ៥០ ហើយបានធ្វើតេស្តទៅលើប្រព័ន្ធទំនើបៗដែលតាមដាន និងស្ទាក់ចាប់យន្តហោះដ្រូន ក៏ដូចជាវាយតម្លៃទៅលើពីរបៀបដែលដ្រូនទាំងនោះដំណើរការ។ សមយុទ្ធរយៈពេល ១១ថ្ងៃកន្លងមក បានបញ្ចប់ទៅដោយការបង្ហាញរបៀបស្ទាក់ និងចាប់សញ្ញាយន្តហោះដ្រូន។
លោក Matt Roper ប្រធានមជ្ឈមណ្ឌលស៉ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍នៃទីភ្នាក់ងារបច្ចេកវិទ្យារបស់បក្សសម្ព័ន្ធយោធាមួយនេះ បានគូសបញ្ជាក់ថា «ណាតូ ចាត់ទុកដ្រូន ជាការគំរាមកំហែងខ្លាំង»។ ដោយឡែក ឧត្តមសេនីយ៍ឯកមួយរូបរបស់ប្រទេសហូឡង់ ប្រចាំនៅភាគខាងកើត លោក Best Barracks និយាយថា «នេះមិនមែនជារឿងដែលយើងត្រូវអង្គុយមើល ហើយមិនធ្វើអ្វីសោះនោះទេ»។
គួរបញ្ជាក់ថា ការប្រើប្រាស់ដ្រូនយ៉ាងសន្ធឹកសន្ធាប់ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានជំរុញឱ្យអង្គការណាតូ បង្កើនការយកចិត្តទុកដាក់លើការគំរាមកំហែងដែលអាចកើតមាន ក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន។ ការវាយប្រហារដ៏ធំរបស់អ៊ុយក្រែនដោយប្រើដ្រូន បានបង្កការផ្ទុះយ៉ាងខ្លាំងនៅឯឃ្លាំងអាវុធរុស្ស៉ីដ៏សំខាន់មួយ។ នៅថ្ងៃបន្ទាប់ លោក ពូទីន និយយាថា ទីក្រុងមូស្គូកំពុងបង្កើនការផលិតដ្រូនឱ្យដល់ជិត ១.៤លានគ្រឿងនៅឆ្នាំនេះ៕