(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា អ៉ីស្រាអែលកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ មិនមែនបែបលក្ខណៈជាអ្នកប្រយុទ្ធដូចគ្នានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០២៤។
ការអត្ថាធិប្បាយរបស់លោក Khamenei ធ្វើឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទៅលើរដ្ឋធានី Beirut របស់លីបង់ បានសម្លាប់មនុស្ស ៣១នាក់ ដោយបើតាមក្រសួងសុខាភិបាលលីបង់ ក្នុងនោះមានកុមារ ៣នាក់ និងស្ត្រី ៧នាក់។
នៅក្នុងទីក្រុងតេហេរ៉ង់ លោក Khamenei បានប្រាប់ដល់បណ្តាបេសកជនមកពីប្រទេសមូស្លីម ក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍រដ្ឋ ដូច្នេះថា «នេះមិនមែនជាការប្រយុទ្ធប្រឆាំងនឹងបុរសជាអ្នកប្រយុទ្ធដូចគ្នាទេ ប៉ុន្តែគឺជាប្រជាជនសាមញ្ញ។ ដោយមិនអាចធ្វើបាបអ្នកប្រយុទ្ធពិតប្រាកដនៅប៉ាឡេស្ទីនបាន ពួកគេកំពុងបញ្ចេញកំហឹងដ៏អាក្រក់មកលើកុមារតូចៗ អ្នកជំងឺនៅមន្ទីរពេទ្យ និងនៅតាមសាលារៀនដែលពោរពេញទៅដោយកុមារតូចៗ»។
គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងការរិះគន់អ៉ីស្រាអែល ពីសំណាក់មេដឹកនាំកំពូលហើយនោះ អ៉ីរ៉ង់ក៏បានសម្ញែងនូវមីស៉ីលបាលីស្ទីគប្រើឥន្ធនៈរាវ ជាមួយនិងក្បាលគ្រាប់ដែលអាចបំផ្ទុះបានខ្ពស់ និងមានរយៈចម្ងាយ ១,០០០គីឡូម៉ែត្រតាមរយៈការផ្សព្វផ្សាយរបស់ទូរទស្សន៍រដ្ឋផងដែរ នៅថ្ងៃសៅរ៍នេះ៕