(តៃប៉ិ)៖ រដ្ឋបាលឧតុនិយមរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៥.៣រ៉ិចទ័របានវាយប្រហារតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Hualien ដែលប្រជាជនរស់នៅតិចតួច នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ ហើយភ្លាមៗមិនទាន់មានរបាយការណ៍ពីការខូចខាតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការរញ្ជួយដីនេះក៏បានអង្រួនអគារនានា ក្នុងរដ្ឋធានីតៃប៉ិ ផងដែរ ដោយរដ្ឋបាលឧតុនិយមនិយាយថា វាមានជម្រៅ ១៧គីឡូម៉ែត្រ។ កាលពីខែមេសា ទីក្រុង Hualien ធ្លាប់រងការវាយប្រហារដោយការរញ្ជួយដីដ៏ធំបំផុត ដែលប៉ះពាល់ដល់តៃវ៉ាន់ក្នុងរយៈពេលយ៉ាងហោចណាស់ ២៥ឆ្នាំ។ កាលនោះ មនុស្ស ៩នាក់បានស្លាប់ និងជាង៩០០នាក់រងរបួស។
គួរបញ្ជាក់ថា មនុស្សជាង ១០០នាក់បានស្លាប់ដោយគ្រោះរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់ កាលពីឆ្នាំ ២០១៦ ខណៈដែលការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ សម្លាប់មនុស្សជាង ២,០០០នាក់ កាលពីឆ្នាំ ១៩៩៩៕