(ហ្សាការតា)៖ ពីឡុតនូវែលសេឡង់ម្នាក់ ឈ្មោះ Phillip Mehrtens ត្រូវបានដោះលែងឱ្យមានសេរីភាពហើយ ១៩ខែ ក្រោយត្រូវបានចាប់ពង្រត់ដោយក្រុមឧទ្ទាមប្រដាប់អាវុធ ក្នុងខេត្ត Papua នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប៉ូលិសឥណ្ឌូណេស៊ី បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Mehrtens ត្រូវបានដោះលែង ហើយត្រូវទៅទទួលដោយក្រុមការងារមួយនៅតំបន់ Nduga ព្រមទាំង កំពុងស្ថិតក្រោមការត្រួតពិនិត្យសុខភាព និងរូបរាងកាយនៅក្នុងតំបន់ Timika។ ទូរទស្សន៍ឥណ្ឌូណេស៊ី Metro TV បានបង្ហាញពីសកម្មភាពលោក Mehrtens និយាយទូរស័ព្ទ ជាមួយក្រុមគ្រួសារទាំងទឹកភ្នែក។

គួរបញ្ជាក់ថា ពីឡុតនូវែលសេឡង់ លោក Phillip Mehrtens ត្រូវបានចាប់ពង្រត់ដោយក្រុមឧទ្ទាមផ្ដាច់ទឹកដី West Papua National Liberation Army (TPNPB) កាលពី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកបើកយន្ដហោះធុនតូចមួយគ្រឿងចុះចតនៅឯតំបន់ដាច់ស្រយាលមួយ នៃតំបន់ភ្នំ Nduga។ នៅពេលនោះដែរ ក្រុមឧទ្ទាមនេះ បាននិយាយថាពួកគេនឹងដោះលែងលោក Mehrtens ដរាបណាឥណ្ឌូណេស៊ីយល់ព្រមផ្ដល់ឯករាជ្យដល់ខេត្ត Papua។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយនូវែលសេឡង់ បានរាយការណ៍ កាលពីដើមសប្ដាហ៍នេះថាក្រុមឧទ្ទាមបានទាមទារលក្ខខណ្ឌថ្មី ជាថ្នូរនឹងការដោះលែងលោក Mehrtens៕