(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ បានប្រាប់ប្រជាជនរាប់ម៉ឺននាក់ជម្លៀសខ្លួនចេញពីខេត្ត Ishikawa ដែលជាតំបន់រងគ្រោះដោយគ្រោះរញ្ជួយដី ខណៈ ភ្លៀងធ្លាក់ខ្លាំងកំពុងធ្វើឱ្យទឹកទន្លេហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភពីហានិភ័យនៃទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមមន្ត្រីជប៉ុន បានប្រាប់ AFP ថាទន្លេចំនួន៣ នៅក្នុងខេត្ត Ishikawa បានហូរហៀរជន់លិចសហគមន៍នៅក្បែរខាងជាបណ្ដើរៗ ហើយថាពួកគេកំពុងវាយតម្លៃពីការខូចខាត ដល់អគារ និងហេដ្ឋានរចសម្ព័ន្ធមួយចំនួន។ ចំណែក ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានចេញការប្រកាសអាសន្នកម្រិតខ្ពស់ផងដែរ សម្រាប់ខេត្ត Ishikawa ដោយព្រមានពី គ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិត។

គួរបញ្ជាក់ថា អាជ្ញាធរជប៉ុន ក្នុងទីក្រុង Wajima និង Suzu នៃខេត្ត Ishikawa បានបង្គាប់ឱ្យប្រជាជន ៣០ ០០០នាក់ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ខណៈ ប្រព័ន្ធផ្សព្វផ្សាយ NHK បានចេញផ្សាយទិដ្ឋភាពផ្លូវជាច្រើនក្នុងទីក្រុង Wajima បានលិចលង់៕

ជប៉ុន បង្គាប់ឱ្យប្រជាជនក្នុងតំបន់ធ្លាប់រងគ្រោះដោយរញ្ជួយដី ជម្លៀសខ្លួន ដោយសារបារម្ភពីទឹកជំនន់