(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញា បានព្រមានលោកខាងលិច និងអ៊ុយក្រែន ពីផលវិបាកដ៏មហន្តរាយ ប្រសិនបើទីក្រុងកៀវហ៊ានបើកការវាយប្រហារ ឬធ្វើ សកម្មភាពប្រឆាំងនឹងបេឡារុសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងមូស្គូ ជាមួយការបញ្ជាក់ច្បាស់ថាខ្លួននឹងធ្វើអន្តរាគមន៍ដើម្បីការពារបេឡារុសជាទីដែលរុស្ស៉ីបាន ដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានប្រាប់ក្រុមអ្នកសារព័ត៌មានថាទីក្រុងមូស្គូពិតជាមានការព្រួយបារម្ភជាខ្លាំងពីអ្វីដែលលោកស្រីហៅ ថាជាការកើនឡើងសកម្មភាពបង្ករឿងនៅតាមបណ្ដោយព្រំដែនបេឡារុស។ លោកស្រី Zakharova បន្ថែមថារុស្ស៉ី និងបេឡារុសគឺស្ថិតនៅក្នុងយន្ដការសន្តិសុខមួយមាន ឈ្មោះថារដ្ឋសហភាព «Union State» ដែលតម្រូវឱ្យការពារគ្នាទៅវិញទៅមក។ «ដូច្នេះប្រសិនបើមានការធ្វើសកម្មភាពឈ្លានពានណាមួយប្រឆាំងនឹងទីក្រុងមីនស្កិ៍ នោះ ទាំងអ៊ុយក្រែន និងអ្នកគាំទ្ររបស់ពួកគេនឹងត្រូវជួបផលវិបាកដ៏មហន្តរាយ»។ នេះជាការបញ្ជាក់របស់លោកស្រី Zakharova។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃក្រោយអ៊ុយក្រែនបញ្ជូនកងទ័ពវាយលុកចូលតំបន់ Kursk របស់រុស្ស៉ី កាលពីថ្ងៃទី៦ ខែសីហា មេដឹកនាំបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តរបស់លោក ពូទីន បានអះអាងដោយមិនបានបង្ហាញភស្តុតាងថាទីក្រុងកៀវប្រហែលជាអាចនឹងបើកការវាយប្រហារលើបេឡារុស។ ប៉ុន្តែ ខាងទីក្រុងកៀវ បានអះអាងថាខ្លួនមិនដែល ហើយក៏នឹងមិនធ្វើសកម្មភាពអមិត្តណាមួយប្រឆាំងនឹងប្រជាជនបេឡារុស នោះទេ៕