(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែន នៅថ្ងៃសុក្រនេះបានសម្រេចហាមឃាត់មន្ត្រីរដ្ឋ បុគ្គលិកយោធា និងបុគ្គលិកសំខាន់ៗ ពីការប្រើប្រាស់កម្មវិធីផ្ញើសារ Telegram នៅលើកុំព្យូទ័រ ទូរស័ព្ទ ឬថេប្លេតរបស់រដ្ឋាភិបាល ដោយសារតែការព្រួយបារម្ភអំពីសមត្ថភាពរបស់សេវាកម្មពិសេសរបស់រុស្ស៊ីក្នុងការចាប់យកទិន្នន័យ និងសារនៅលើវេទិកានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ការហាមឃាត់នេះត្រូវបានអនុវត្ត បន្ទាប់ពីប្រធានទីភ្នាក់ងារចារកម្មយោធា GUR របស់អ៊ុយក្រែន បានបង្ហាញភស្តុតាងដល់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអំពីសមត្ថភាពចារកម្មរបស់រុស្ស៊ីនៅលើ Telegram។

ទោះបីជា Telegram ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែន និងជាប្រភពព័ត៌មានសំខាន់ក៏ដោយ ក៏មន្ត្រីសន្តិសុខអ៊ុយក្រែនបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់វាជាច្រើនលើកច្រើនសារក្នុងអំឡុងសង្គ្រាម។ ការហាមឃាត់នេះគឺជាការឆ្លើយតបទៅនឹងការព្រួយបារម្ភទាំងនេះ និងមានគោលបំណងការពារព័ត៌មានរសើបពីការធ្លាក់ទៅក្នុងដៃរបស់សត្រូវ។

Telegram ត្រូវបានបង្កើតឡើងដោយជនជាតិរុស្ស៊ី លោក Pavel Durov ដែលបានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនអនុវត្តតាមការទាមទារដើម្បីបិទក្រុមប្រឆាំង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte ដែលគាត់ធ្លាប់ជាម្ចាស់។ លោក Durov ត្រូវបានចាប់ខ្លួននៅពេលចុះចតនៅប្រទេសបារាំងក្នុងខែសីហាកន្លងទៅ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មទាក់ទងនឹងរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងប្រតិបត្តិការក្លែងបន្លំនៅលើ Telegram ។

គួរបញ្ជាក់ថា ទោះបីជាមានការរឹតបន្តឹងក៏ដោយ ក៏ការហាមប្រាមនេះអនុវត្តចំពោះឧបករណ៍រដ្ឋាភិបាលប៉ុណ្ណោះ មិនមែនទូរស័ព្ទផ្ទាល់ខ្លួនទេ។ ប្រជាជនអ៊ុយក្រែននៅតែអាចប្រើប្រាស់ Telegram សម្រាប់ការទំនាក់ទំនងផ្ទាល់ខ្លួន និងទទួលបានព័ត៌មាន៕