(កៀវ)៖ អ៊ុយក្រែនបានចូលរួមជាលើកដំបូង នៅក្នុងសមយុទ្ធប្រឆាំងយន្តហោះដ្រូន (គ្មានមនុស្សបើក) ដ៏សំខាន់របស់អង្គការណាតូ ដែលបានបញ្ចប់នៅសប្តាហ៍នេះនៅប្រទេសហូឡង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ការចូលរួមនេះបានកើតឡើង ចំពេលមានការកើនឡើងនៃការប្រើប្រាស់យន្តហោះដ្រូនក្នុងជម្លោះប្រដាប់អាវុធ ជាពិសេសនៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សមយុទ្ធនេះ ដែលមានការចូលរួមពីប្រទេសជាង ២០ និងក្រុមហ៊ុនចំនួន ៥០ បានផ្តោតលើការសាកល្បងប្រព័ន្ធទំនើបៗ ដើម្បីស្វែងរក និងប្រឆាំងយន្តហោះដ្រូន ព្រមទាំងវាយតម្លៃពីរបៀបដែលប្រព័ន្ធទាំងនេះធ្វើការជាមួយគ្នា។

ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន លើឃ្លាំងអាវុធរបស់រុស្ស៊ីកាលពីពេលថ្មីៗនេះ និងការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីការបង្កើនការផលិតយន្តហោះដ្រូនបានបញ្ជាក់ជាថ្មីម្តងទៀត អំពីតួនាទីដ៏សំខាន់របស់យន្តហោះដ្រូន ក្នុងជម្លោះប្រដាប់អាវុធសម័យទំនើប។

អ្នកជំនាញបានសង្កត់ធ្ងន់ថា អង្គការណាតូត្រូវតែសម្របខ្លួនទៅនឹងសង្គ្រាមយន្តហោះដ្រូនដែលកំពុងវិវឌ្ឍឥតឈប់ឈរ។ ការចូលរួមរបស់អ៊ុយក្រែននៅក្នុងសមយុទ្ធនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តក្នុងការពង្រឹងសមត្ថភាពការពាររបស់ខ្លួន និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខដែលកំពុងកើនឡើង៕