(បេរូត)៖ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ (UNIFIL) បានទទូចឱ្យមានការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ផ្ទុះអរិភាព​កាន់តែខ្លាំងនៅតាម​ព្រំដែន​លីបង់​-​អ៉ីស្រាអែល ជាទីដែលមានការបាញ់ផ្លោងដាក់គ្នា ជិតមួយឆ្នាំមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ ២០២៤។

អ្នកនាំពាក្យ លោក Andrea Tenenti បានប្រាប់ Reuters ថា កងកម្លាំង UNIFIL បានឃើញការប្រឈមមុខដាក់គ្នា កើនឡើងកាន់តែខ្លាំង នៅតាមព្រំដែនលីបង់​-​អ៉ីស្រាអែល និងតំបន់ដែលខ្លួនកំពុងឈរជើង។ លោកគូសបញ្ជាក់ថា «យើងមានក្តីបារម្ភពីការកើនឡើងបែបនេះ ហើយទទូចឱ្យភាគីទាំងអស់ បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់»

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) យន្តហោះចម្បាំងអ៉ីស្រាអែល បានបើកការវាយប្រហារយ៉ាងខ្លាំងក្លា មកលើភាគខាងត្បូងលីបង់។ វាត្រូវបានធ្វើឡើងបន្ទាប់ពី ការបំផ្ទុះឧបករណ៍ទំនាក់ទំនង pagers និងវិទ្យុទាក់ទងអាយកូម ដែលក្រុម Hezbollah បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣៧នាក់ និងរបួសប្រហែល ៣,០០០នាក់៕