(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញមុខព្រមានចំពោះ រដ្ឋាភិបាលលោកខាងលិចថា សង្រ្គាមនៃអាវុធនុយក្លេអ៊ែរច្បាស់ជានឹងផ្ទុះឡើង ប្រសិនបើពួកគេផ្តល់ភ្លើងបៃតង ឱ្យអ៊ុយក្រែនអាច​ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច វាយប្រហារលើគោលដៅ ដែលស្ថិតនៅជ្រៅក្នុងទឹកដីប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។

លោក Vyacheslav Volodin ប្រធានរដ្ឋសភារុស្ស៉ី និងជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់លោក ​ពូទីន បានលើកឡើង​ដូចខាងលើ ជាការឆ្លើយតបចំពោះ ការបោះឆ្នោតមួយ នៅសភាសហភាពអឺរ៉ុប ដែលមានគោលដៅទទូចឱ្យក្រុមប្រទេស EU ផ្តល់ការអនុញ្ញាតបែបនោះ ដល់ទីក្រុងកៀវ។ លោក Volodin បាននិយាយថា អ្វីដែលសភាអឺរ៉ុបកំពុងអំពាវនាវ គឺនឹងនាំទៅរក​សង្រ្គាមលោក ដែលមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

កាលពីសប្តាហ៍មុន លោក ពូទីន ផ្ទាល់ ក៏បានព្រមានដែរថា ប្រសិនបើលោកខាងលិចហ៊ានផ្តល់ភ្លើងបៃតង នោះពួកគេនឹងត្រូវ​ធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។ សង្រ្គាមនៅអ៊ុយក្រែន បានបង្កការប្រឈមមុខដាក់គ្នាយ៉ាងធំមិនធ្លាប់មាន រវាងរុស្ស៉ីនិងលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២ ដែលត្រូវបានចាត់ទុកជាពេលមួយ ដែលកំពូលមហាអំណាច សម័យសង្រ្គាមត្រជាក់ទាំងពីរ គឺសហរដ្ឋអាមេរិកនិងអតីតសហភាពសូវៀត (រុស្ស៉ី) ខិតជិតបំផុតទៅរកការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។

ក្នុងសប្តាហ៍នេះ ប្រមុខអង្គការ NATO បាននិយាយថា លោក ពូទីន ធ្លាប់បានប្រកាសអំពី «បន្ទាត់ក្រហម» ជាច្រើនលើក ប៉ុន្តែ​ជម្លោះគឺមិនបានកើនឡើងឡើយ ជាមួយលោកខាងលិច នៅពេលដែលបន្ទាត់ទាំងនោះ ត្រូវបានរំលង។ អ្នកនាំពាក្យលោក ពូទីន បានចេញមុខនិយាយថា ការអត្ថាធិប្បាយបែបនោះ របស់អគ្គលេខាធិការ NATO លោក Jens Stoltenberg មានលក្ខណៈគ្រោះថ្នាក់ និងបង្កហេតុជាខ្លាំង។

ដោយឡែក ជាចុងក្រោយ លោក Volodin បាននិយាយថា ក្រុមប្រទេសអឺរ៉ុប គួរតែយល់ឱ្យច្បាស់ថា វានឹងចំណាយពេលត្រឹមតែ​៣នាទី និង២០វិនាទីប៉ុណ្ណោះ ដើម្បីឱ្យមីស៉ីលបាលិស្ទីគអន្តរទ្វីប RS-28 Sarmat ឬ ​Satan II របស់រុស្ស៉ី អាចវាយប្រហារ​ដល់ទីក្រុង Strasbourg នៅប្រទេសបារាំង ដែលជាទីស្នាក់ការកណ្តាលរបស់សភាអឺរ៉ុប៕