(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Lavrov បានប្រាប់បទសម្ភាសន៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញានេះថា ទីក្រុងមូស្គូនឹងការពារផលប្រយោជន៍របស់ខ្លួន នៅក្នុងតំបន់អាកទិក ទាំងផ្នែកការទូត និងយោធា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយរបស់ លោក Lavrov ហាក់ធ្វើឡើងជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រថ្មីរបស់មន្ទីរបញ្ចកោណ សម្រាប់តំបន់អាកទិក ដែលបានចេញផ្សាយកាលពីខែកក្កដា ដោយទីក្រុងវ៉ាស៊ីនតោនបានពិពណ៌នា ពីការកើនឡើងនូវសកម្មភាពរបស់រុស្ស៉ី នៅជុំវិញតំបន់អាកទិក។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានដកស្រង់សម្តី លោក Lavrov ដែលនិយាយថា «យើងឃើញពីរបៀបដែលណាតូ (NATO) កំពុងបង្កើនការធ្វើសមយុទ្ធ ដែលអាចបង្កើតជាវិបត្តិក្នុងតំបន់អាកទិក។ ប្រទេសរបស់យើង បានត្រៀមខ្លួនយ៉ាងរួចរាល់ ដើម្បីការពារផលប្រយោជន៍ នៅក្នុងលក្ខខណ្ឌយោធា នយោបាយ និងបច្ចេកទេសយោធា»។
គួរបញ្ជាក់ថា របាយការណ៍របស់សហរដ្ឋអាមេរិកលើកឡើងថា រុស្ស៉ីបានបើកឡើងវិញនូវទីតាំងយោធាសម័យសូវៀតរាប់រយកន្លែង នៅតំបន់អាកទិក ហើយថាការបង្កើនកិច្ចសហប្រតិបត្តិការរុស្ស៉ី-ចិន លើផ្លូវរុករករ៉ែ និងការដឹកជញ្ជូន អាចប៉ះពាល់ដល់ស្ថិរភាពនៅតំបន់ប៉ូលមួយនេះ។ នៅពេលរបាយការណ៍នោះចេញផ្សាយ ក្រសួងការបរទេសរុស្ស៉ី បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបង្កភាពតានតឹងនៅក្នុងតំបន់អាកទិក ហើយច្រានចោលនូវរាល់ការយល់ឃើញថា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន អាចប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់៕