(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល បានអះអាងថាយន្ដហោះចម្បាំងរបស់ខ្លួន បានវាយប្រហារលើទីតាំងជាច្រើនរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងនៃប្រទេសលីបង់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ដោយបានកម្ទេចជើងទម្របាញ់គ្រាប់រ៉ុក្កែតជាង១០០គ្រឿង ដែលត្រៀមលក្ខណៈជាស្រេចដើម្បីបាញ់គ្រាប់រ៉ុក្កែតតម្រង់ទៅកាន់ទឹកដី អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមយោធាអ៉ីស្រាអែល យន្ដហោះចម្បាំងរបស់ខ្លួនបានវាយប្រហារជើងទម្របាញ់គ្រាប់រ៉ុក្កែត១០០គ្រឿង ដែលមានផ្ទុកគ្រាប់រ៉ុក្កែតប្រហែលជា ១០០០ដើម។ យោធាអ៉ីស្រាអែល បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងការពារអ៉ីស្រាអែល IDF នឹងបន្តធ្វើប្រតិបត្តិការដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពរបស់ក្រុមអង្គការភេរវករហេសបូឡា ដើម្បី ការពាររដ្ឋអ៉ីស្រាអែល»។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលខាងលើ កើតមានឡើង ក្រោយមានការបំផ្ទុះឧបករណ៍ទំនាក់ទំនងរបស់ក្រុមហេសបូឡា នៅទូទាំងប្រទេសលីបង់ ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ និងថ្ងៃពុធកន្លងទៅនេះ ដោយបានសម្លាប់មនុស្ស ៣៧នាក់ និងរបួសជាង ៣០០០នាក់។ ហេសបូឡាបានចោទថាការវាយប្រហារទាំងនេះជា ស្នាដៃរបស់អ៉ីស្រាអែល តែអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។
នៅក្នុងប្រតិបត្តិការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកស្រោចលើតំបន់ភាគខាងត្បូងលីបង់ ហើយភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ និងរងរបួសនោះទេ។ ចំណែក រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយថាអ៉ីស្រាអែលនឹងបន្តការធ្វើសកម្មភាពយោធាប្រឆាំងហេសបូឡា៕