(ឌូបៃ)៖ មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Hossein Salami បានប្រាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ថាអ៉ីស្រាអែលនឹងត្រូវប្រឈមមុខនឹងការសងសឹកយ៉ាងចាស់ដៃ ពីសម្ព័ន្ធចលនាប្រដាប់អាវុធ ឬ axis of resistance បន្ទាប់ពីការវាយប្រហារលើឧបករណ៍ទំនាក់ទំនងរបស់ ក្រុមហេសបូឡា នៅទូទាំងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
axis of resistance គឺជាសម្ព័ន្ធចលនាប្រដាប់អាវុធមួយដឹកនាំដោយអ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយក្នុងបក្សសម្ព័ន្ធនេះមានសមាជិកដូចជាក្រុមហេសបូឡាលីបង់ ក្រុមហ៊ូទី នៅយេម៉ែន និងកងកម្លាំង Popular Mobilisation Forces នៅក្នុងប្រទេសអ៉ីរ៉ាក់។ នៅក្នុងសារមួយផ្ញើទៅកាន់លោក Hassan Nasrallah លោក Hossein Salami បានចាត់ ចាត់ទុកការវាយប្រហារលើឧបករណ៍ទំនាក់ទំនងរបស់ក្រុមហេសបូឡាជាទង្វើភេរវកម្ម ដែលនឹងត្រូវប្រឈមមុខនឹងការសងសឹកវិញយ៉ាងចាស់ដៃពីសម្ព័ន្ធ axis of resistance។
គួរបញ្ជាក់ថា ក្រុមហេសបូឡា បានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកនៅពីក្រោយ ការបំផ្ទុះឧបករណ៍ទំនាក់ទំនងរបស់ខ្លួននៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ កន្លងទៅនេះ ដោយសម្លាប់មនុស្ស ៣៧នាក់ និងរបួសជាង ៣០០០នាក់ ក្នុងការវាយប្រហារ២ថ្ងៃជាប់ៗគ្នានេះ។ ប៉ុន្តែ ខាងអ៉ីស្រាអែលមិនបានប្រកែក ហើយក៏មិនបានទទួល ស្គាល់នោះដែរ ជុំវិញការចោទប្រកាន់ពីហេសបូឡា ខណៈមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បាននិយាយថាការវាយប្រហារទាំង២លើកនេះជាការឆ្លង បន្ទាត់ក្រហម ដែលអាចត្រូវបានចាត់ទុកថាជាការប្រកាសសង្រ្គាមប្រឆាំងនឹងប្រជាជនលីបង់៕