(វ៉ាស៊ីនតោន)៖ វិទ្យុទាក់ទងអាយកូម ដែលប្រើប្រាស់ដោយសមាជិកក្រុមហេសបូឡា បានផ្ទុះកាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា នៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីម៉ាស៊ីនផ្ញើសារ pager របស់ចលនាប្រដាប់អាវុធមួយនេះផ្ទុះព្រមៗគ្នា។ ក្រសួងសុខាភិបាលលីបង់ បាននិយាយថាមនុស្ស ២០នាក់ត្រូវបានសម្លាប់ និងជាង ៤៥០នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះវិទ្យុទាក់ទងអាយកូម នៅជាយទីក្រុងបេរូត និងតំបន់ជ្រលងភ្នំ Bekaa កាលពីថ្ងៃពុធ ខណៈអ្នកស្លាប់ដោយសារការផ្ទុះម៉ាស៊ីនផ្ញើសារ pager កាលពីថ្ងៃអង្គារ កើនដល់១២នាក់ ក្នុងនោះរួមមានកុមារ២នាក់ និងរបួសជិត ៣០០០នាក់។ ក្រុមមន្ត្រីអ៉ីស្រាអែលមិនបានបញ្ចេញប្រតិកម្មអ្វីទេ ប៉ុន្តែប្រភពសន្តិសុខបានប្រាប់ Reuters និង New York Times ថាចារកម្មអ៉ីស្រាអែល Mossad គឺជាអ្នកទទួលខុសត្រូវលើការផ្ទុះអាយកូម និងម៉ាស៊ីនផ្ញើសារ pager។ ក្នុងនោះមានប្រភពមួយថែមទាំងបានប្រាប់ New York Times ទៀតផងថាចារកម្មអ៉ីស្រាអែលបានលួចដំឡើងសារជាតិផ្ទុះនៅក្នុងម៉ាស៊ីន​ផ្ញើសារ pager។

ក្រោយហេតុការណ៍ផ្ទុះអាយកូមនេះ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានចោទប្រកាន់អ៉ីស្រាអែលថាកំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលទៅកាន់មាត់ជ្រោះនៃសង្រ្គាម ខណៈអាមេរិក បដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការផ្ទុះនៅក្នុងប្រទេសលីបង់នោះទេ។ នៅក្រោយការផ្ទុះ pager និងអាយកូមនៅទូទាំងប្រទេសលីបង់២ថ្ងៃជាប់ៗគ្នាមកនេះ មានសំណួរដ៏សំខាន់មួយកំពុងត្រូវបានគេ ចោទសួរឡើងថាតើសង្រ្គាមធំរវាងអ៉ីស្រាអែល និងហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានមកដល់ហើយមែនឬ? ជាការពិតណាស់ សង្រ្គាមធំដែលគេគ្រប់គ្នាភ័យព្រួយ មិនបានផ្ទុះឡើងទេ ទោះបីជាមេបញ្ជាការជាន់ខ្ពស់ ម្នាក់របស់ហេសបូឡា លោក Fouad Shukr ត្រូវបានអ៉ីស្រាអែលធ្វើឃាត កាលពីខែកក្កដាកន្លងទៅក៏ដោយ។ អ៉ីស្រាអែលសព្វថ្ងៃ នៅតែបន្តលេងល្បែងភ្នាល់កាន់តែធំជាមួយហេសបូឡា ដោយសារតែដឹងថា ចលនាប្រដាប់អាវុធមួយនេះមានចេតនាបញ្ចៀសកុំឱ្យសង្រ្គាមធំផ្ទុះឡើង។ សម្រាប់ហេសបូឡា សង្រ្គាមធំជាមួយអ៉ីស្រាអែលអាចជាអន្ទាក់មួយរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលចង់ប្រើ សង្រ្គាមធំជាមួយហេសបូឡា ដើម្បីជួយឱ្យលោក​ ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ។ ពីព្រោះថាបើសង្រ្គាមធំផ្ទុះឡើងមែន បក្សប្រជាធិបតេយ្យអាចនឹង រងការស្ដីបន្ទោសពីសំណាក់អ្នកបោះឆ្នោតអាមេរិកថាជាអ្នកបណ្ដោយឱ្យសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាផ្ទុះរាលដាល។ ផ្ទុយទៅវិញ ទាំងអ៉ីរ៉ង់ និងហេសបូឡា មិនចង់ឃើញលោក ត្រាំ ត្រឡប់មកវិញនោះទេ ដោយសារតែបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ អាចនឹងដឹកនំាសហរដ្ឋអាមេរិកដោយផ្តោតលើការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលរបស់អ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងការគាំទ្រដោយគ្មាន លក្ខខណ្ឌរបស់លោក ត្រាំ ចំពោះគោលនយោបាយរបស់លោក ណេតាន់យ៉ាហ៊ូ។

ម្យ៉ាងវិញទៀត សម្រាប់ហេសបូឡា សង្រ្គាមធំជាមួយអ៉ីស្រាអែល មិនត្រឹមតែអាចជួយសម្រួលដល់ការវិលត្រឡប់របស់លោក ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនឹងធ្វើឱ្យលីបង់វិនាសអន្តរាយផងដែរ ក្នុងពេលដែល ប្រទេសជាតិកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរស្រាប់រួចទៅហើយនោះ។ មិនតែប៉ុណ្ណោះ វាក៏ប្រហែលជាអាចនឹងសម្រួលដល់ការគ្រប់គ្រងរយៈពេលវែងរបស់អ៉ីស្រាអែលលើតំបន់ភាគខាងត្បូងលីបង់ ដែលជា មូលដ្ឋានរបស់ហេសបូឡាទៀតផង។ ក្រៅពីនេះ សំណួរមួយទៀតដែលហេសបូឡាត្រូវចោទសួរខ្លួនឯងដែរ នោះគឺសមត្ថភាពរបស់ខ្លួនឯងតែម្ដង។ ពោលគឺថាតើហេសបូឡាមានសមត្ថភាពប្រយុទ្ធក្នុងសង្រ្គាមធំ ជាមួយអ៉ីស្រាអែលបានដែរឬទេ ក្នុងពេលអ្នកប្រយុទ្ធរបស់ខ្លួនជាច្រើនពាន់នាក់បានរងរបួស? ចម្លើយដ៏សមហេតុផលចំពោះសំណួរនេះ នោះគឺហេសបូឡានឹងបន្តព្យាយាមបញ្ចៀសសង្រ្គាមធំកុំឱ្យផ្ទុះឡើង ក៏ព្រោះ តែសមត្ថភាពរបស់ខ្លួនកំពុងធ្លាក់ចុះ។

អ៉ីរ៉ង់ និងហេសបូឡា បានព្យាយាមបញ្ចៀសសង្រ្គាមអស់រយៈពេលជាង ១១ខែមកនេះ ហើយមានហេតុផលមួយផ្នែក គឺដោយសារតែការគំរាមធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក ដើម្បីការពារអ៉ីស្រាអែល។ ក៏ប៉ុន្តែ ផលវិបាកទៅលើស្មារតី និងជំនឿចិត្តរបស់សមាជិកហេសបូឡាទាំងមូល រួមទាំងការលះបង់ក្នុងតម្លៃខ្ពស់លើការបន្តប្រកាន់ខ្ជាប់គោលនយោបាយបញ្ចៀសសង្រ្គាម នឹងនៅតែជាបញ្ហាប្រឈមសម្រាប់ ហេសបូឡា ដរាបណាពួកគេនៅតែបន្តប្រឈមមុខជាមួយអ៉ីស្រាអែល។ ចំណែក ខាងអ៉ីស្រាអែលវិញ ការវាយប្រហារតាមរយៈការបំផ្ទុះម៉ាស៊ីនផ្ញើសារ pager និងអាយកូម គឺជាឱកាសដ៏ល្អមួយ ដ្បិតតែវាធ្វើឱ្យ សមាជិកហេសបូឡារាប់ពាន់នាក់រងរបួស។

ចុះបើដូច្នេះតើសង្រ្គាមធំអាចនឹងផ្ទុះឡើងដែរទេ? ស្ថានការណ៍សព្វថ្ងៃអាចបង្ហាញបានថាអ៉ីស្រាអែលកំពុងផ្ដល់មេរៀនឱ្យហេសបូឡា ក្នុងនោះអាចមានទាំងការអនុវត្តនូវ អ្វីដែលមេដឹកនាំអ៉ីស្រាអែលធ្លាប់បានគំរាមថានឹងធ្វើនៅថ្ងៃណាមួយ តួយ៉ាងដូចជាការបើកប្រតិបត្តិការវាយលុកជើងគោកទ្រង់ទ្រាយធំមួយ ដើម្បីបង្កើតតំបន់ទ្រនាប់ការពារមួយនៅភាគខាងត្បូងលីបង់ ដើម្បីការពារ ព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល។ តែដើម្បីអាចធ្វើបែបនេះបាន អ៉ីស្រាអែលត្រូវការហេតុផល ឬលេសយ៉ាងសមរម្យមួយ។ ដូច្នេះតាមរយៈការវាយប្រហាររបស់ខ្លួន អ៉ីស្រាអែលកំពុងរង់ចាំការឆ្លើយតបដ៏ហិង្សា មកវិញពីហេសបូឡាដែលអាចនឹងត្រូវបានប្រើជាហេតុផលដើម្បីចាប់ផ្ដើមសង្រ្គាមធំមួយ។ តែទោះជាបែបនេះក្ដី មកទល់នឹងពេលនេះ ហេសបូឡា នៅតែបន្តសុខចិត្តដើរតួដូចជា «បាវខ្សាច់ឱ្យអ៉ីស្រាអែលវាយ ជាជាងវាយអ៉ីស្រាអែលដោយផ្ទាល់ដៃ»។

គួរបញ្ជាក់ថា ខណៈហេសបូឡា បានប្រកាសថាខ្លួនមានសមត្ថភាពយោធាថ្មីៗ ដែលអាចធ្វើឱ្យអ៉ីស្រាអែលខាតបង់ធ្ងន់ក្នុងករណីសង្រ្គាមធំផ្ទុះឡើង ការវាយប្រហារដោយការបំផ្ទុះម៉ាស៊ីនផ្ញើសារ pager និងអាយកូម រួមទាំងការធ្វើឃាតថ្នាក់ដឹកនាំហេសបូឡា វាបានបង្ហាញរួចទៅហើយថាអ៉ីស្រាអែលមានឧត្តមភាពលើសលុបខាងបច្ចេកវិទ្យា និងសមត្ថភាពស៊ើបការណ៍សម្ងាត់៕