(មូស្គូ)៖ មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់រុស្ស៉ី និយាយថា កងកម្លាំងទីក្រុងមូស្គូបានចាប់យកភូមិចំនួន ២ក្នុងតំបន់ Kursk ត្រលប់មកវិញ ខណៈកំពុងបន្តវាយលុកប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែនរាប់ពាន់នាក់ ដែលសម្រុកចូលតំបន់ព្រំដែនរបស់ខ្លួន កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Apti Alaudinov មេបញ្ជាការកងកម្លាំងពិសេស Akhmat របស់សាធារណរដ្ឋឆេឆេនី និងជាអនុប្រធាននាយកដ្ឋាននយោបាយយោធា នៃក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា រុស្ស៉ីដណ្តើមបានមកវិញនូវភូមិ Nikolayevo-Darino និងភូមិ Darino។ ភូមិនេះស្ថិតនៅចម្ងាយប្រហែល ១៥គីឡូម៉ែត្រ ពីសមរភូមិចាស់ ដែលអ៊ុយក្រែនចាប់យកបាន។ ការដណ្តើមបានមកវិញនេះ នឹងផ្តល់ឱ្យកងកម្លាំងរុស្ស៉ីនូវទីតាំងមួយ ដើម្បីវាយប្រហារចូលទៅភូមិ Sverdlikovo ដែលកងកម្លាំងអ៊ុយក្រែន បាននិងកំពុងប្រើប្រាស់ជាមជ្ឈមណ្ឌលដឹកជញ្ជូន។ តាមក្រសួងការពារជាតិរុស្ស៉ី អ៊ុយក្រែនឥលូវនេះ ព្យាយាមវាយលុកតាមព្រំដែនរបស់ខ្លួន នៅកន្លែងផ្សេងទៀតឆ្ពោះទៅភាគខាងកើតរុស្ស៉ី ក្នុងគោលបំណងបង្វែរកម្លាំង ចេញពីការវាយបកដ៏ខ្លាំងក្លានេះ។
គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃទី៦ ខែសីហា បានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចូលទៅក្នុងទឹកដីរុស្ស៉ី ខណៈដែលវាជាការវាយលុកដោយកងកម្លាំងបរទេស មិនធ្លាប់មានគិតចាប់តាំងពីសង្រ្គាមលោកលើកទី ២មក។ សមរភូមិនៅតំបន់ Kursk របស់អ៊ុយក្រែន គាំទ្រដោយកងយន្តហោះដ្រូន និងអាវុធធុនធ្ងន់ រួមទាំងអាវុធផលិតដោយលោកខាងលិច៕