(ហ៊្សេរុយសាឡិម)៖ ទីភ្នាក់ងារសន្តិសុខអ៉ីស្រាអែល បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ ជាពលរដ្ឋអ៉ីស្រាអែលផ្ទាល់ ក្រោមការសង្ស័យជាប់ពាក់ព័ន្ធ ក្នុងផែនការប៉ុនប៉ងធ្វើឃាតមួយ គាំទ្រដោយអ៉ីរ៉ង់ ដែលមានគោលដៅលើបុគ្គលសំខាន់ៗ រួមមានទាំងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
បុគ្គលម្នាក់នោះគឺជាអ្នកជំនួញ ដែលមានបណ្តាញទាក់ទងនៅប្រទេសតួកគី ហើយធ្លាប់បានចូលរួម កិច្ចប្រជុំយ៉ាងហោច២លើក នៅប្រទេសអ៉ីរ៉ង់ ដើម្បីជជែកអំពីលទ្ធភាពនៃការធ្វើឃាត នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ឬក៏ប្រធានទីភ្នាក់ងារចារកម្មក្នុងស្រុករបស់អ៉ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍រួម នៃទីភ្នាក់ងារចារកម្មក្នុងស្រុករបស់អ៉ីស្រាអែល ហៅថា Shin Bet និងប៉ូលិសអ៉ីស្រាអែល ការចាប់ខ្លួននោះ បានប្រព្រឹត្តទៅ កាលពីខែសីហា។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីភ្នាក់ងារ Shin Bet ក៏បានរកឃើញផងដែរ នូវអ្វីដែលខ្លួនអះអាងថា ជាផែនការរៀបចំដោយ ចលនាប្រដាប់អាវុធនៅលីបង់ គឺ Hezbollah ដើម្បីធ្វើឃាតអតីតមន្រ្តីការពារជាតិជាន់ខ្ពស់អ៉ីស្រាអែលម្នាក់។ មន្រ្តីជាន់ខ្ពស់ម្នាក់នោះ ក្រោយមកត្រូវបានបង្ហាញអត្តសញ្ញាណថា គឺជាអតីតប្រមុខកងទ័ព និងជាអតីតរដ្ឋមន្រ្តីការពារជាតិ លោក Moshe Ya'alon៕