(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលនិយាយថា យន្តហោះចម្បាំង និងគ្រាប់ផ្លោងនៃកាំភ្លើងធំរបស់ពួកគេ បានវាយប្រហារគោលដៅជាច្រើន នៅភាគខាងត្បូងលីបង់ រយៈពេលពេញមួយយប់ ចំពោះមុខភាពតានតឹងដែលកំពុងកើនឡើង ក្រោយការបំផ្ទុះឧបករណ៍ទំនាក់ទំនងដែលក្រុម Hezbollah ប្រើប្រាស់ជំនួសទូរស័ព្ទ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ ២០២៤។

យោធាអ៉ីស្រាអែលបញ្ជាក់ថា ការវាយប្រហារបានត្រូវចំគោលដៅរបស់ Hezbollah ក្នុងស្រុក ក្រុង និងភូមិចំនួន ៥ នៅភាគខាងត្បូងលីបង់ ព្រម​ទាំង​កន្លែង​ស្តុក​អាវុធ​របស់​ក្រុមនេះ នៅ​ក្នុង​តំបន់ Khiam ផងដែរ។ តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល មានជនស៉ីវិលអ៉ីស្រាអែលមួយចំនួនរងរបួស ដោយសារការបាញ់មីស៉ីលប្រឆាំងរថក្រោះ ចេញពីលីបង់។ ប៉ុន្តែ កាលពីថ្ងៃពុធសប្តាហ៍នេះ យោធាអ៉ីស្រាអែលអះអាងថា ក្រុម Hezbollah បានបាញ់មីស៉ីលប្រហែល ២០គ្រាប់ ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស ហើយមិនបណ្តាលឱ្យនរណាម្នាក់របួសទេ។

គួរបញ្ជាក់ថា នេះជាការវាយប្រហារថ្មីចុងក្រោយរបស់អ៉ីស្រាអែល ខណៈដែលមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងជម្លោះ តាមព្រំដែនភាគខាងត្បូងលីបង់ ជាទីដែលកងកម្លាំងអ៉ីស្រាអែល បន្តការបាញ់ផ្លោងដាក់គ្នាជាមួយក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់ អស់រយៈពេលជាច្រើនខែមកហើយ៕