(មូស្គូ)៖ អភិបាលរងតំបន់ លោក Sergei Ponomarenko បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះថា រុស្ស៉ីបានប្រកាសដាក់ភាពអាសន្ន ក្នុងតំបន់ Krasnoyarsk ដែលស្ថិតក្នុងតំបន់ស៉ីបេរី ដោយសារភ្លៀងធ្លាក់ខ្លាំង បំផ្លាញដំណាំក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS។
មន្រ្តីដដែលនិយាយថា បរិមាណដំណាំដែលរងផលប៉ះពាល់បឋម មានចំនួនជាង ១៧,០០០ហិកតា ហើយទំហំនៃការខូចខាត គិតជាទឹកប្រាក់ប៉ាន់ស្មានជាង ២៨០លានរូប្លិ៍។ ក្រៅពី Krasnoyarsk កាលពីដើមខែកញ្ញា រុស្ស៉ីក៏បានប្រកាសអាសន្ន តំបន់មួយទៀត ដូចជា Tomsk ដែលស្ថិតក្នុងតំបន់ស៉ីបេរីនេះដែរ ដោយសារតែបញ្ហាអាកាសធាតុ ធ្វើឱ្យខូចខាតដល់ដំណាំ។
តាមរដ្ឋមន្ត្រីកសិកម្មរុស្ស៉ី លោកស្រី Oksana Lut ប្រទេសរុស្ស៉ី នៅតែអាចនាំចេញគ្រាប់ធញ្ញជាតិប្រហែល ៦០លានតោននៅឆ្នាំ ២០២៤នេះ ដោយការព្យាករណ៍ពីការប្រមូលផលគ្រាប់ធញ្ញជាតិផ្លូវការ បានឱ្យដឹងថា មានចំនួន ១៣២លានតោន ទោះជាអាកាសធាតុអាក្រក់ បានវាយប្រហារតំបន់ផលិតជាច្រើនក៏ដោយ៕