(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សេតវិមានបានព្រមានដល់ភាគីទាំងអស់ ប្រឆាំងនឹងការកើនឡើងកម្តៅនៃភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោយមានហេតុការណ៍ផ្ទុះ ២ថ្ងៃជាប់គ្នា នូវឧបករណ៍ទាក់ទងចល័ត មានគោលដៅលើក្រុម Hezbollah ដែលបានបណ្តាលឱ្យ មនុស្សសរុបរាប់សិបនាក់ស្លាប់ និងរងរបួសខ្ទង់ពាន់នាក់។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងនៅតែមិនចង់​ឃើញ មានការកើនឡើងកម្តៅនៃភាពតានតឹង ក្នុងទម្រង់ណាមួយឡើយ។ យើងពុំជឿថា មធ្យោបាយដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន គឺតាមរយៈការធ្វើប្រតិបត្តិការយោធាមួយផ្សេងទៀត នោះទេ។ យើងនៅតែជឿជាក់ថា មធ្យោបាយដ៏ប្រសើរបំផុត ដើម្បីទប់ស្កាត់​ការកើនឡើងភាពតានតឹង, ទប់ស្កាត់កុំឱ្យសមរភូមិសង្រ្គាមមួយទៀត បើកទ្វារឡើងនៅលីបង់ គឺតាមរយៈកិច្ចខំប្រឹងប្រែងការទូត។

អ៉ីស្រាអែលនិងក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់ បានបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែនទៅវិញទៅមក ជាប់ជាប្រចាំ ចាប់តាំងតែពីសង្រ្គាមនៅតំបន់ Gaza បានផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣។ នៅពេលត្រូវបានសាកសួរថា តើអ៉ីស្រាអែលគោរពច្បាប់មនុស្សធម៌អន្តរជាតិដែរឬទេ ពាក់ព័ន្ធហេតុការណ៍ផ្ទុះដោយមិនដឹងមូលហេតុ នៃម៉ាស៉ីនផ្ញើសារ pager និងឧបករណ៍វិទ្យុទាក់ទង ឬហៅថា អៃកូម នៅលីបង់ លោក Kirby បានត្រឹមឆ្លើយតបថា «ដូចអ្វីដែលយើងធ្លាប់បាននិយាយ តាំងពីដើមមក គឺអ៉ីស្រាអែលមានសិទ្ធិក្នុងការការពារខ្លួនឯង» ដោយមិនបញ្ជាក់ច្បាស់ថា អ៉ីស្រាអែលជាប់ពាក់ព័ន្ធដែរឬអត់ឡើយ។

បើតាមក្រសួងសុខាភិបាលលីបង់ មនុស្ស ២០នាក់ត្រូវបានសម្លាប់ និងជាង ៤៥០នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះវិទ្យុទាក់ទងអៃកូម នៅជាយទីក្រុងបេរូត និងតំបន់ជ្រលងភ្នំ Bekaa កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារ ការផ្ទុះម៉ាស៊ីនផ្ញើសារ pager កាលពីថ្ងៃអង្គារ កើនដល់១២នាក់ ក្នុងនោះរួមមានកុមារ២នាក់ និងរបួសជិត ៣០០០នាក់។ ក្រុមហ៊ុនកោះតៃវ៉ាន់ Gold Apollo បានអះអាងថា ឧបករណ៍ pager ទាំងនោះ ទោះមានស្លាកយីហោរបស់ខ្លួនក៏ដោយ តាមពិតគឺត្រូវបានផលិតដោយក្រុមហ៊ុនមួយ នៅប្រទេសហុងគ្រីឯណោះទេ ដែលជាដៃគូសហការ។ ប៉ុន្តែក្រុមហ៊ុនហុងគ្រីនោះផ្ទាល់ ឈ្មោះថា BAC Consulting KFT ក៏បានបដិសេធថា មិនបានផលិតដែរ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអ៉ីស្រាអែលមិនបានបញ្ចេញប្រតិកម្មអ្វីទេ ប៉ុន្តែចារកម្មអ៉ីស្រាអែល Mossad ត្រូវបានទម្លាក់កំហុសថា ជាអ្នកទទួលខុសត្រូវលើការផ្ទុះអៃកូម និងម៉ាស៊ីនផ្ញើសារ pager ទាំងនេះ៕