(អ៉ីស្លាម៉ាបាដ)៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក Alexei Overchuk បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងមូស្គូនឹងគាំទ្រប៉ាគីស្ថាន ក្នុងការក្លាយជាសមាជិកនៃក្រុមប្រទេស BRICS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
លោក Overchuk ដែលស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងអ៉ីស្លាម៉ាបាដ បានលើកឡើងដូចខាងលើ អំឡុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ជាការឆ្លើយតបចំពោះសំណួរ ស្តីពីសំណើរបស់ប៉ាគីស្ថាន ក្នុងការក្លាយជាផ្នែកនៃក្រុមប្រទេស BRICS។
បើតាមលោក Overchuk នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mikhail Mishustin ក៏នឹងធ្វើដំណើរមកចូលរួម កិច្ចប្រជុំប្រមុខរដ្ឋាភិបាល នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលនឹងត្រូវរៀបចំឡើង នៅទីក្រុងអ៉ីស្លាម៉ាបាដ នាខែក្រោយ ផងដែរ។
គួរបញ្ជាក់ថា ក្រុមប្រទេស BRICS បច្ចុប្បន្នមានសមាជិកដូចជា ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។ កាលពីឆ្នាំមុន ប្លុកនេះបានអញ្ជើញអារ៉ាប៊ីសាអូឌីត អ៉ីរ៉ង់ អេត្យូពី អេហ្ស៉ីប អាហ្សង់ទីន និងអេមីរ៉ាតអារ៉ាប់រួម ឱ្យចូលរួមជាសមាជិក៕