(តូក្យូ)៖ ក្រុមហ៊ុនជប៉ុន Icom នាថ្ងៃព្រហហស្បតិ៍នេះ បាននិយាយថា ខ្លួនបានបញ្ឈប់ការផលិតនិងនាំចេញ ម៉ូដែលវិទ្យុទាក់ទង ដែលផ្ទុះនៅឯប្រទេសលីបង់ កាលពីថ្ងៃពុធ ហើយបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស តាំងតែពីប្រមាណ១០ឆ្នាំមុនម៉្លេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្រុមហ៊ុន Icom បានអះអាងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «ឧបករណ៍វិទ្យុទាក់ទងម៉ូដែល IC-V82 ត្រូវបានផលិតនិងនាំចេញ ដែលរួមមានទៅកាន់តំបន់មជ្ឈិមបូព៌ា ផងដែរ ចាប់ពីឆ្នាំ២០០៤ ដល់ត្រឹមខែតុលា ឆ្នាំ២០១៤។ ឧបករណ៍នេះ លែងមានការផលិតតទៅទៀត តាំងតែពី១០ឆ្នាំមុនម៉្លេះ ហើយចាប់ពីពេលនោះមក ពួកវាមិនត្រូវបាននាំចេញពី ក្រុមហ៊ុនយើងទៀតឡើយ»។
កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា ឧបករណ៍វិទ្យុទាក់ទង ឬហៅថា «អៃកូម» ដែលប្រើប្រាស់ដោយសមាជិកក្រុមហេសបូឡា បានផ្ទុះនៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ ដែលការផ្ទុះនោះ កើតមានឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីម៉ាស៉ីនផ្ញើសារ pager របស់ចលនាប្រដាប់អាវុធមួយនេះ បានផ្ទុះព្រមៗគ្នា។
ក្រសួងសុខាភិបាលលីបង់ បាននិយាយថាមនុស្ស ២០នាក់ត្រូវបានសម្លាប់ និងជាង ៤៥០នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះវិទ្យុទាក់ទងអៃកូម នៅជាយទីក្រុងបេរូត និងតំបន់ជ្រលងភ្នំ Bekaa ខណៈចំនួនអ្នកស្លាប់ដោយសារ ការផ្ទុះម៉ាស៊ីនផ្ញើសារ pager កាលពីថ្ងៃអង្គារ កើនដល់១២នាក់ ក្នុងនោះរួមមានកុមារ២នាក់ និងរបួសជិត ៣០០០នាក់។ ក្រុមហ៊ុនកោះតៃវ៉ាន់ Gold Apollo បានអះអាងថា ឧបករណ៍ pager ទាំងនោះ ទោះមានស្លាកយីហោរបស់ខ្លួនក៏ដោយ តាមពិតគឺត្រូវបានផលិតដោយក្រុមហ៊ុនមួយ នៅប្រទេសហុងគ្រីឯណោះទេ ដែលជាដៃគូសហការ។ ប៉ុន្តែក្រុមហ៊ុនហុងគ្រីនោះផ្ទាល់ ឈ្មោះថា BAC Consulting KFT ក៏បានបដិសេធថា មិនបានផលិតដែរ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីអ៉ីស្រាអែលមិនបានបញ្ចេញប្រតិកម្មអ្វីទេ ប៉ុន្តែប្រភពសន្តិសុខបានប្រាប់ Reuters ថាចារកម្មអ៉ីស្រាអែល Mossad គឺជាអ្នកទទួលខុសត្រូវលើការផ្ទុះអៃកូម និងម៉ាស៊ីនផ្ញើសារ pager ទាំងនេះ៕