(ញូវយ៉ក)៖ ស្លូវេនី ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ប្រចាំខែកញ្ញា បានឱ្យដឹងថា ក្រុមប្រឹក្សានឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃសុក្រនេះ ជុំវិញហេតុការណ៍ផ្ទុះឧបករណ៍ទំនាក់ទំនង pager នៅក្នុងប្រទេសលីបង់ ដែលជាការកំណត់គោលដៅលើក្រុម Hezbollah។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Samuel Zbogar ឯកអគ្គរដ្ឋទូតស្លូវេនីរបស់ UN និយាយថា កិច្ចប្រជុំត្រូវបានស្នើឡើងដោយប្រទេសអាល់ហ្សេរី ក្នុងនាមរដ្ឋអារ៉ាប់។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាន មុនជំនួបនៃបណ្តាមេដឹកនាំពិភពលោក នៅឯមហាសន្និបាត UN ដូច្នេះថា «ជាក់ស្តែង ការស្វែងរកមូលហេតុដែលឧបករណ៍ទាំងនោះត្រូវផ្ទុះ គឺជារឿងដែលត្រូវតែធ្វើ ប្រសិនបើវាជាការរៀបចំទុកមុន សម្រាប់ប្រតិបត្តិការយោធាដ៏ធំបែបនេះ។ វាសំខាន់ណាស់ ត្រង់ការណ៍ដែលមិនត្រូវយកជនស៉ីវិល ធ្វើជាអាវុធ»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អគ្គលេខាធិការនៃ UN លោក Antonio Guterres បានព្រមានថា ការបំផ្ទុះដែលកំណត់គោលដៅលើក្រុម Hezbollah បង្ហាញពីហានិភ័យដ៏ធ្ងន់ធ្ងរនៃភាពតានតឹងនៅលីបង់ ហើយត្រូវតែធ្វើអ្វីគ្រប់យ៉ាង ធ្វើដើម្បីបញ្ចៀសភាពតានតឹងនោះ៕