(តៃប៉ិ)៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា សមត្ថភាពប្រយុទ្ធរបស់តៃវ៉ាន់ កំពុងប្រសើរឡើង ដោយសារភាពជាដៃគូសន្តិសុខស៉ីជម្រៅ ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាមិត្តភ័ក្តិ និងសម្ព័ន្ធមិត្តដទៃទៀត ប៉ុន្តែមិនចង់បញ្ចេញព្រោះវាជារឿងដែលត្រូវរក្សាការសម្ងាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ ២០២៤។
តៃវ៉ាន់ មិនមានសន្ធិសញ្ញាផ្នែកការពារជាតិផ្លូវការ ជាមួយទីក្រុងវ៉ាស៉ីនតោន ឬសម្ព័ន្ធរបស់ខ្លួនណាមួយទេ ទោះបីជាសហរដ្ឋអាមេរិកផ្តល់ការគាំទ្រ ក្រោមច្បាប់ការពារខ្លួនសម្រាប់តៃវ៉ាន់ តាមរយៈការលក់អាវុធ និងការបណ្តុះបណ្តាលយោធាក៏ដោយ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត រដ្ឋមន្ត្រីការពារជាតិ លោក Wellington Koo បានធ្វើការអត្ថាធិប្បាយដ៏កម្រជុំវិញទំនាក់ទំនងផ្នែកយោធានេះ ដោយបញ្ជាក់ថា «ប៉ុន្មានឆ្នាំកន្លងមក សហរដ្ឋអាមេរិក និងមិត្តភក្តិដ៏ទៃទៀត បានបន្តពង្រឹងភាពជាដៃគូសន្តិសុខ ហើយពង្រីកកិច្ចសហប្រតិបត្តិការយោធា កាន់តែស៉ីជម្រៅ»។ លោកបន្ថែមថា «ការណ៍នេះ បានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រយុទ្ធរបស់យោធាតៃវ៉ាន់ និងសន្តិភាព ស្ថិរភាពក្នុងតំបន់»។
គួរបញ្ជាក់ថា តាមការលើកឡើងរបស់ លោក Koo ដែលទំនងជាចង់សំដៅទៅចិន ក្រសួងការពារជាតិតៃវ៉ាន់ មិនដែលផ្សព្វផ្សាយជាសាធារណៈ នូវកិច្ចសហប្រតិបត្តិការយោធាបរទេសនោះទេ ហើយក៏ដោយសារតែការគិតគូរពីស្ថានភាពអន្តរជាតិ និងការគោរពចំពោះមិត្តភ័ក្តិ ឬសម្ព័ន្ធមិត្ត។ ចិន តែងតែផ្ទុះកំហឹងចំពោះព័ត៌មាននៃជំនួយយោធា របស់ប្រទេសណាមួយជាមួយតៃវ៉ាន់ ហើយបានដាក់ទណ្ឌកម្មម្តងហើយម្តងទៀត លើក្រុមហ៊ុនអាមេរិកចំពោះការលក់អាវុធឱ្យតៃវ៉ាន់៕