(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃពុធ ទី១៨ ខែកញ្ញាថាទីក្រុងកៀវ បានត្រៀមរួចជាស្រេចនូវ «ផែនការជ័យជម្នះ» របស់ខ្លួន ដើម្បីបញ្ចប់សង្រ្គាម ជាមួយរុស្ស៉ី ដែលលោកផ្ទាល់ធ្លាប់និយាយថានឹងយកទៅពិភាក្សាបន្ថែមជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ យើងអាចនិយាយបានថាផែនការជ័យជម្នះរបស់យើងត្រូវបានរៀបចំរួចជាស្រេច លើគ្រប់ចំណុចទាំងអស់»។ លោក បន្ថែមថា «អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចជាស្រេច ហើយរឿងដែលសំខាន់ជាងគេនៅពេលនេះ នោះគឺការប្ដេជ្ញាចិត្តអនុវត្តតាម»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បាននិយាយកាលពីសប្ដាហ៍មុនថាលោកមានគម្រោងនឹងយកផែនការជ័យជម្នះរបស់អ៊ុយក្រែន ទៅពិភាក្សាជាមួយលោក ចូ បៃដិន នៅក្នុងខែកញ្ញានេះនាឱកាសដែល លោកធ្វើដំណើរទស្សនកិច្ចសហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំក្រុមប្រឹក្សាសន្តិសខ និងមហាសន្និបាតអង្គការសហប្រជាជាតិ។ លោក ហ្សេលេនស្គី មិនបានបញ្ជាក់លម្អិតពីផែនការនោះឡើយ តែលោកធ្លាប់បាននិយាយថាមានបំណងរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនជាលើកទី២ នៅខែវិច្ឆិកាខាងមុខ ដោយអាចនឹងមានការអញ្ជើញរុស្ស៉ីឱ្យចូលរួមដែរ៕