(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីនៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា បាននិយាយថាក្រុម Hacker របស់អ៉ីរ៉ង់បានផ្ដល់ព័ត៌មានដែលពួកគេបានលួចពីក្រុមយុទ្ធនាការឃោសនារបស់ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធាណរដ្ឋលោក ដូណាល់ ត្រាំ ទៅឱ្យមនុស្សមានទំនាក់ទំនងជាមួយលោកប្រធានាធិបតី ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមក្រុមមន្ត្រីអនុវត្តច្បាប់ និងចារកម្មរបស់អាមេរិក ក្រុម Hacker អ៉ីរ៉ង់បានបញ្ជូនសារអេឡិចត្រូនិក ឬ emails ដោយស្ម័គ្រចិត្តទៅកាន់បុគ្គលិកដែលមានទំនាក់ទំនងជាមួយអតីតក្រុមការងារ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ចូ បៃដិន ហើយដែលក្នុងសារ emails រួមមានទាំងព័ត៌មានដែលពួកគេបានលួចពីក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ។ ប៉ុន្តែ គ្មានបុគ្គលិកណាមួយរបស់លោក បៃដិន ឆ្លើយតបទៅនឹងសារ emails ទាំងនោះឡើយ។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានអះអាងថាអ៉ីរ៉ង់បានព្យាយាមលូកលាន់ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ តាមរយៈ ការវាយប្រហារព័ត៌មានវិទ្យាដើម្បីលួចព័ត៌មានពីក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ។ ប៉ុន្តែ អ៉ីរ៉ង់បានច្រានចោលការចោទប្រកាន់បែបនេះ។ ចំណែក ក្រុមយុទ្ធនាការឃោសនា របស់លោក ត្រាំ វិញ កាលពីថ្ងៃពុធ បាននិយាយថាការ Hack ដែលមានជាប់ពាក់ព័ន្ធនឹងអ៉ីរ៉ង់ គឺបានបង្ហាញច្បាស់ថាអ៉ីរ៉ង់កំពុងធ្វើសកម្មភាពជ្រៀតជ្រែកយ៉ាងសកម្មក្នុងការបោះឆ្នោត ដើម្បី ជួយលោកស្រី កាម៉ាឡា ហារីស និងលោក ចូ បៃដិន។ ក៏ព្រោះតែអ៉ីរ៉ង់ដឹងថាលោក ត្រាំ នឹងស្ដារឡើងវិញនូវការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ហើយប្រកាន់ជំហរប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរបបដឹកនាំ របស់ពួកគេ៕