(អង់ការា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានបញ្ជាក់យ៉ាងច្បាស់ថា តួកគីនឹងបន្តពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅបូព៌ា ដូចជាក្រុមប្រទេស BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ទោះបីជាមានភាពតានតឹងជាមួយលោកខាងលិចក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងអង់ការ៉ា លោក Erdogan បានបដិសេធការអះអាងថា តួកគីកំពុងផ្លាស់ប្តូរទិសភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ផ្ទុយទៅវិញ លោកបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់តួកគីក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាពិភពលោក ខណៈពេលដែលរក្សាទំនាក់ទំនងបើកចំហជាមួយបណ្តាប្រទេស និងអង្គការនានា។

ការបង្ហាញចំណាប់អារម្មណ៍របស់តួកគីក្នុងការចូលរួមជាមួយ BRICS និង SCO ដែលមានចិន និងរុស្ស៊ីជាសមាជិក បានបង្កឱ្យមានការព្រួយបារម្ភនៅលោកខាងលិច ដែលមើលឃើញថានេះជាការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ប្រទេសសមាជិកអង្គកាណាតូមួយនេះ ឱ្យឆ្ងាយពីលោកខាងលិច។ ទោះជាយ៉ាងណាក៏ដោយ លោក Erdogan បានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងជាមួយបូព៌ា មិនមែនមានន័យថា តួកគីនឹងបោះបង់ចោលទំនាក់ទំនងជាមួយលោកខាងលិចនោះទេ។

គួរបញ្ជាក់ថា តួកគីកំពុងស្វែងរកតុល្យភាពក្នុងទំនាក់ទំនងរបស់ខ្លួន ដោយបើកទូលាយ ចំពោះឱកាសជាមួយបណ្តាប្រទេស និងអង្គការទាំងអស់។ នេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោក និងការកើនឡើងនៃឥទ្ធិពលរបស់ប្លុកដែលកំពុងងើបឡើងដូចជា BRICS និង SCO។ ជាសមាជិកអង្គការណាតូ ប្រទេសតួកគីកំពុងព្យាយាមរក្សាតួនាទីយុទ្ធសាស្ត្ររបស់ខ្លួនទាំងនៅក្នុងលោកខាងលិច និងនៅក្នុងប្លុកដែលកំពុងរីកចម្រើននៅបូព៌ា៕