(តូក្យូ)៖ មន្រ្តីគណបក្សកាន់អំណាចជប៉ុន បានឱ្យដឹងនាថ្ងៃពុធនេះថា នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន នឹងត្រូវបោះឆ្នោតជ្រើសរើសជាផ្លូវការ ដោយសភានៅថ្ងៃទី១ ខែតុលា ក្រោយការបោះឆ្នោតរើសប្រធានបក្សកាន់អំណាចថ្មី នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

ការស្ទង់មតិជាបន្តបន្ទាប់កន្លងមកនេះ បានបង្ហាញថា មានបេក្ខជនលេចធ្លោចំនួន៣រូប ក្នុងចំណោម៩រូប ដែលនឹងជំនួសលោក Fumio Kishida ជាប្រធានគណបក្សកាន់អំណាច Liberal Democratic Party (LDP) ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស នាថ្ងៃទី២៧ ខែកញ្ញា។ បេក្ខជនទាំង៣នាក់នោះ គឺរដ្ឋមន្រ្តីសន្តិសុខសេដ្ឋកិច្ច លោកស្រី Sanae Takaichi អាយុ៦៣ឆ្នាំ, អតីតអគ្គលេខាធិការបក្ស LDP លោក Shigeru Ishiba អាយុ៦៧ឆ្នាំ និងលោក Shinjiro Koizumi អាយុ៤៣ឆ្នាំ ដែលជាកូនប្រុសអតីតនាយករដ្ឋមន្រ្តី លោក Junichiro Koizumi។

គួរបញ្ជាក់ថា ដោយសារតែគណបក្ស LDP គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា នោះអ្នកដែលឈ្នះជាប្រធានបក្សថ្មី ក៏នឹងត្រូវ​ក្លាយជានាយករដ្ឋមន្រ្តីថ្មី ផងដែរ។ លោក Kishida អាយុ៦៧ឆ្នាំ ដែលអាណត្តិ៣ឆ្នាំ បានទទួលរងរឿងអាស្រូវជាច្រើន ហើយ​ប្រជាប្រិយភាពធ្លាក់ចុះខ្លាំង បានប្រកាសកាលពីខែមុនថា រូបលោកនឹងលាលែងពីតំណែង។ ប្រសិនបើឈ្នះ លោក Koizumi នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនក្មេងជាងគេ ខណៈលោកស្រី Takaichi នឹងក្លាយជាមេដឹកនាំស្រីដំបូងគេ របស់ជប៉ុន៕