(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់បានឱ្យដឹងថា នៅថ្ងៃពុធនេះ កងនាវាយោធានៃកងទ័ពជើងទឹកចិន ដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង Liaoning បានបើកឆ្លងកាត់ដែនទឹក នៅភាគឦសានដែនកោះនេះ ហើយបន្តឆ្ពោះទៅរកភាគអាគ្នេយ៍នៃកោះ Yonaguni របស់​ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

ប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning និង Shandong ធ្លាប់បានធ្វើដំណើរប៉ុន្មានលើក ឆ្លងកាត់​ច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលទីក្រុងប៉េកាំង បង្កើនការដាក់សម្ពាធផ្នែកនយោបាយ និងយោធាលើកោះតៃវ៉ាន់។ ទន្ទឹមគ្នា យោធាតៃវ៉ាន់ក៏បានរាយការណ៍ ពីការប្រទះឃើញស្ទើរតែរៀងរាល់ថ្ងៃ នៃការចល័តយន្តហោះយោធា ដ្រូន និងនាវាចម្បាំងចិន នៅក្បែរៗដែនកោះនេះ ផងដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិតៃវ៉ាន់ ក្នុងចន្លោះពេល២៤ម៉ោង គិតត្រឹមម៉ោង៦ព្រឹកថ្ងៃពុធនេះ យន្តហោះយោធាចិន ៩គ្រឿង និងនាវាយោធាចិន១៣គ្រឿង ត្រូវបានប្រទះឃើញ នៅក្បែរកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ យន្តហោះយោធាចិន១៥គ្រឿងបន្ថែមទៀត ក៏ត្រូវបានប្រទះឃើញ ក្នុងថ្ងៃពុធនេះ ផងដែរ ហើយ១២គ្រឿងក្នុងចំណោមនោះ បានហោះឆ្លងខ្សែបន្ទាត់កណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីធ្វើលំហាត់ដែនសមុទ្រ-អាកាសរួមគ្នា ជាមួយកងនាវាយោធាចិន៕