(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ យន្តហោះ P-8A Poseidon ១គ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានហោះកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ ក្នុងសកម្មភាព ដែលទីក្រុងវ៉ាស៉ីនតោនហៅថា ការបង្ហាញការប្តេជ្ញាចំពោះដែនអាកាសអន្តរជាតិ ដែលសេរីនិងបើកចំហ ខណៈចិនបានបញ្ជូនយន្តហោះចម្បាំង ឱ្យទៅហោះតាមដាន នៅលើដែនទឹកដែលទីក្រុងប៉េកាំង ចាត់ទុកជារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

កងទ័ពជើងទឹកអាមេរិក បានលើកឡើងថា តាមរយៈការធ្វើប្រតិបត្តិការហោះហើរ នៅលើច្រកសមុទ្រតៃវ៉ាន់ ដោយស្របទៅតាម​ច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកជួយរក្សាការពារ នូវសិទ្ធិនិងសេរីភាពនៃការធ្វើដំណើររបស់ប្រទេសទាំងអស់។ ចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយច្រកសមុទ្រតៃវ៉ាន់ ក៏ស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន​ ផងដែរ ក៏ប៉ុន្តែអាមេរិកនិងតៃវ៉ាន់ បានច្រានចោលការអះអាងថា ដោយនិយាយថា ច្រកសមុទ្រតៃវ៉ាន់ ជាដែនទឹកអន្តរជាតិ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន នាវាចម្បាំង២គ្រឿងរបស់អាល្លឺម៉ង់ ទើបតែបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូង ក្នុងរយៈពេល២ទសវត្សរ៍ ដើម្បីបង្ហាញពីការប្តេជ្ញា របស់ទីក្រុងបែរឡាំង ក្នុងការឈរនៅជាមួយក្រុមសម្ព័ន្ធមិត្តលោកខាងលិច ជុំវិញបញ្ហាតៃវ៉ាន់។ ចិនប្រកាន់ជំហរថា ការចល័តនាវានិងយន្តហោះយោធា របស់ក្រុមប្រទេសលោកខាងលិច ជាពិសេសអាមេរិក មកកាន់ច្រកសមុទ្រតៃវ៉ាន់ ជាសកម្មភាពបំផ្លាញសន្តិភាព និងស្ថិរភាព ក្នុងតំបន់៕