(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានអំពាវនាវកាលពីថ្ងៃអង្គាសប្តាហ៍នេះ ឱ្យបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ហើយនិយាយថាអ៉ីស្រាអែល ត្រូវតែបញ្ឈប់ការកាន់កាប់លើទឹកដីប៉ាឡេស្ទីន នៅពេលចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៤។
ថ្លែងទៅកាន់សមាគមអ្នកកាសែតជនជាតិស្បែកខ្មៅ នៅឯទីក្រុង Philadelphia លោកស្រី Harris បានអំពាវនាវរកបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស ដំណោះស្រាយរដ្ឋពីរ និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ក្នុងវិធីមួយដែលមិនផ្តល់អំណាចដល់អ៉ីរ៉ង់។ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត លោកស្រីគូសបញ្ជាក់ថា «យើងច្បាស់ណាស់ថាកិច្ចព្រមព្រៀងនេះ ត្រូវតែសម្រេចឱ្យបាន ដើម្បីជាប្រយោជន៍ល្អបំផុតសម្រាប់គ្រប់គ្នា នៅក្នុងតំបន់»។
គួរបញ្ជាក់ថា តាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សា គិតមកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៤១,២៥២នាក់ ត្រូវបានសម្លាប់ និង ៩៥,៤៩៧នាក់រងរបួស ក្នុងការវាលុករបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស នៅតំបន់ក្នុងតំបន់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕