(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា បាននិយាយថាយន្ដហោះដ្រូន MQ-9 Reaper មួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្លាក់នៅក្បែរប្រទេសយេម៉ែន បន្ទាប់ពីក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ អះអាងថាពួកគេបានបាញ់ទម្លាក់ដ្រូនប្រភេទនេះជាច្រើនគ្រឿងកាលពីប៉ុន្មានថ្ងៃថ្មីៗ នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «កាលពីម្សិលមិញ (ថ្ងៃចន្ទ) ដ្រូន MQ-9 មួយគ្រឿង បានធ្លាក់នៅក្បែរប្រទេសយេម៉ែន។ ការធ្លាក់នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយខ្ញុំមិនអាចផ្ដល់ព័ត៌មានលម្អិតបន្ថែមក្នុងពេលនេះនោះទេ»។
ក្រុមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយេម៉ែន កាលពីថ្ងៃអង្គារ បានអះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូន MQ-9 ចំនួន៣គ្រឿង កាលពីសប្ដាហ៍មុន។ ប៉ុន្តែ ការអះអាងនេះត្រូវបានលោក Pat Ryder ថាជាការបំផ្លើស។ អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះបន្ថែមថាលោកផ្ទាល់មិនអាចផ្ដល់ព័ត៌មានលម្អិតពីចំនួន ដ្រូនដែលបានធ្លាក់ទេ ដោយសារហេតុផលសន្តិសុខ ប៉ុន្តែបញ្ជាក់ថាការអះអាងរបស់ក្រុមហ៊ូទីគឺជារឿងមិនពិត៕