(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធ ទី១៨ ខែកញ្ញានេះបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលជាការធ្វើតេស្ដអាវុធប្រភេទនេះជាលើកទី២ ក្នុងរយៈពេលមួយសប្ដាហ៍។ នេះបើតាមយោធាកូរ៉េខាងត្បូង​ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់លោកបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់ នៅក្នុងឆ្នាំ២០២៤នេះ ជាផ្នែកមួយនៃការធ្វើតេស្ដដែល ត្រូវបានក្រុមអ្នកជំនាញលោកខាងលិចនិយាយថាអាចមានជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៉ី យកទៅប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់បែបនេះ ហើយខណៈដំណោះស្រាយការទូតកំពុងជាប់គាំង កូរ៉េខាងជើងបានប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បង និងបានដាក់ពង្រាយអាវុធមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរទៅកាន់តំបន់ព្រំដែន។

បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ក្នុងទិសដៅឆ្ពោះទៅទិសឦសាន នៅម៉ោង ៦៖៥០នាទីព្រឹក ថ្ងៃពុធនេះ។ យោធាកូរ៉េខាងត្បូងបន្ថែមទៀតថា «ជាការត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ដជាថ្មីណាមួយ យោធារបស់យើងបានពង្រឹងការតាមដាន និងការប្រុងប្រយ័ត្ន ខណៈកំពុង ចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត គឺទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន»

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ផងដែរ ចូលក្នុងសមុទ្រខាងកើត ហើយដែល នេះជាការធ្វើតេស្ដមីស៊ីលជាលើកដំបូងបំផុតចាប់តាំងពីដើមខែកក្កដាមក។ ក្រោយមក កូរ៉េខាងជើង បានអះអាងថាការធ្វើតេស្ដនៅពេលនោះគឺជាការបាញ់សាកល្បង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតស៊េរីថ្មី ៦០០មីលីម៉ែត្រ៕