(អាស្តាណា)៖ អធិការបតី លោក Olaf Scholz បាននិយាយថា អាល្លឺម៉ង់ចាប់អារម្មណ៍ក្នុងការពង្រីកពាណិជ្ជកម្ម ជាមួយកាហ្សាក់ស្ថាន ទន្ទឹម​នឹង​ការ​ធានា​ថា​ពាណិជ្ជកម្ម​បែប​នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​គេចវេះ​​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ (EU) ដែលបានដាក់លើ​រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។

លោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ជាហេតុនាំឱ្យរុស្ស៉ីស្វែងរក ផ្លូវចៀសវាងទណ្ឌកម្ម សម្រាបើការកាំចេញបច្ចេកវិទ្យា និងទំនិញ។ Reuters ធ្លាប់ទទួលព័ត៌មានថា អាជីវកម្មរុស្ស៉ី ដែលចង់បានទំនិញដែលហាមឃាត់ដោយលោកខាងលិច ជួនកាលបានទិញទំនិញទាំងនោះពីក្រុមហ៊ុន មានមូលដ្ឋាននៅកាហ្សាក់ស្ថាន ដែលជាប្រទេសក្បែរខាង ឬមួយប្រទេសអតីតសហភាពសូវៀតផ្សេងទៀត។

អំឡុងទស្សនកិច្ចនៅប្រទេសអាស៉ីកណ្តាលមួយនេះ លោក Scholz គូសបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តចំពោះ កិច្ចសន្ទនាដ៏គួរឱ្យទុកចិត្តរវាងពួកយើង​ តាមរយៈការណ៍ដែលយើងចង់ការពារពាណិជ្ជកម្មទ្វេភាគី ឱ្យចេញឆ្ងាយពីការប្រើប្រាស់ខុស ដើម្បីគេចវេសពីទណ្ឌកម្ម»។ រីឯ រដ្ឋាភិបាលកាហ្សាក់ស្ថាននិយាយថា ខ្លួននឹងគោរពតាមទណ្ឌកម្ម។ ទាំងលោក Scholz និងប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បាននិយាយថា ប្រទេសទាំងពីរចាប់អារម្មណ៍ ក្នុងការបង្កើនពាណិជ្ជកម្មប្រេង រ៉ែកម្រ និងវត្ថុធាតុដើមផ្សេងទៀត។

គួរបញ្ជាក់ថា កាហ្សាក់ស្ថាន បានឈានជើងចូលជំនួសរុស្ស៉ី ក្នុងជាអ្នកផ្គត់ផ្គង់ប្រេងឆៅសម្រាប់រោងចក្រចម្រាញ់ Schwedt នៅទីក្រុងប៊ែរឡាំង។ ដំណើរទស្សនកិច្ចរបស់លោក Scholz នាពេលនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គំរាមទប់ស្កាត់ការលក់លោហធាតុមួយចំនួន ទៅកាន់ប្រទេសដែលមានគោលជំហរអមិត្តនឹងរុស្ស៉ី៕