(បរទេស)៖ អាជ្ញាធរឥណ្ឌាបច្ចុប្បន្នកំពុងស៊ើបអង្កេតលើកម្មវិធីផ្ញើសារ Telegram សម្រាប់ការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងការជំរិតទារប្រាក់ និងល្បែងស៊ីសង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Standard និង India Times ចេញផ្សាយនាពេលថ្មីៗនេះ។
ការស៊ើបអង្កេតនេះ បានធ្វើឡើងបន្ទាប់ពីការចាប់ខ្លួននាយកប្រតិបត្តិ Telegram លោក Pavel Durov កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសបារាំង ដែលគាត់បានប្រឈមមុខនឹងការចោទប្រកាន់ទាក់ទងនឹងសកម្មភាពឧក្រិដ្ឋកម្មនៅលើវេទិកា ដូចជា រូបភាពអាសអាភាសកុមារ និងការក្លែងបន្លំ។
ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលសម្របសម្រួលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឥណ្ឌា (I4C) ក្រោមក្រសួងកិច្ចការផ្ទៃក្នុង និងក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន របស់ឥណ្ឌា។ អាជ្ញាធរឥណ្ឌា មានការព្រួយបារម្ភ ជាពិសេសអំពីតួនាទីរបស់ Telegram ក្នុងការសម្របសម្រួលប្រតិបត្តិការខុសច្បាប់ផ្សេងៗ រួមទាំងការបែកធ្លាយក្រដាសប្រឡង និងការឆបោកវិនិយោគ។
ប្រសិនបើការស៊ើបអង្កេត បានរកឃើញដូចអ្វីដែលបានចោទប្រកាន់់ នោះ Telegram អាចប្រឈមនឹងការហាមឃាត់នៅក្នុងប្រទេសឥណ្ឌា ខណៈដែលអ្នកប្រើប្រាស់ជាងនៅឥណ្ឌាមានចំនួន ជាង ៥លាននាក់តែប៉ុណ្ណោះ។
សូមជំរាបថា អាជ្ញាធរកូរ៉េខាងត្បូង ក៏បានចាប់ផ្តើមបើកការស៊ើបអង្កេត លើកម្មវិធីផ្ញើសារ Telegram ជុំវិញឧក្រិដ្ឋកម្មផ្លូវភេទតាមអ៉ិនធឺណែត។ ប្រធានការិយាល័យស៊ើបអង្កេតជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា អាជ្ញាធរកូរ៉េខាងត្បូងបានអំពាវនាវឱ្យ Telegram និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងមាតិកាក្លែងក្លាយដែលមានលក្ខណៈស្រើបស្រាល៕