(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ជនជាតិរុស្ស៉ីម្នាក់ដែលរស់នៅក្នុងទីក្រុង Sarasota រដ្ឋ Florida ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយចោទប្រកាន់ពីការរត់ពន្ធ លាងលុយកខ្វក់ និងការនាំចេញដោយខុសច្បាប់ ទៅកាន់ប្រទេសរុស្ស៉ី នូវបច្ចេកវិទ្យាដែលអាចប្រើក្នុងការផលិតយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។
តាមគេហទំព័រក្រសួងការបរទេស លោក Denis Postovoy អាយុ ៤៤ឆ្នាំ ជាអ្នកទិញ និងនាំចេញដោយខុសច្បាប់ នូវកម្មវិធីសម្រាប់ផលិតដ្រូន លក់ទៅឱ្យផ្នែកឧស្សាហកម្មយោធារុស្ស៉ី។ រដ្ឋអាជ្ញាអាមេរិក លោក Matthew Graves បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា «យោងតាមការចោទប្រកាន់ បុរសរូបនេះ បាននាំចេញបច្ចេកវិទ្យាសម្រាប់បម្រើដល់យោធា និងស៉ីវិល ទៅកាន់ប្រទេសរុស្ស៉ីដោយខុសច្បាប់ ដែលអាចឱ្យរុស្ស៉ីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន»។
លោក Postovoy ត្រូវបានចោទប្រកាន់ថា មានបណ្តាញក្រុមហ៊ុននៅរុស្ស៉ី និងទីក្រុងហុងកុង សម្រាប់ការទិញគ្រឿងបន្លាស់ ពីអ្នកចែកចាយអាមេរិក ហើយបញ្ជូនទៅរុស្ស៉ីដោយប្រើឈ្មួញកណ្តាល ដើម្បីលាក់បាំងទិសដៅទៅដល់ចុងក្រោយ។ ស្ថានទូតរុស្ស៉ីនៅសហរដ្ឋអាមេរិក បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា ខ្លួនបានដឹងអំពីការឃុំខ្លួន លោក Postovoy ប៉ុន្តែមិនបានទទួលការជូនដំណឹងផ្លូវការណាមួយទេ ជុំវិញការចាប់ខ្លួន៕