(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានដាក់បញ្ជាឱ្យចំនួនកងទ័ពទូទៅរបស់រុស្ស៉ី កើន១៨០,០០០នាក់ថែមទៀត គឺសរុបដល់ចំនួន១.៥លាននាក់ ខណៈប្រការនេះនឹងធ្វើឱ្យ រុស្ស៉ីមានយោធាធំជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងក្រឹត្យមួយដែលចេញផ្សាយនៅលើវែបសាយវិមានក្រឹមឡាំង លោក ពូទីន បានបង្គាប់ឱ្យចំនួនកងទ័ពសរុបទាំងអស់របស់រុស្ស៉ី គឺរាប់បញ្ចូលទាំងចំនួនកងទ័ពបម្រុង និងទាហានប៉ារ៉ា កើនដល់២.៣៨លាននាក់ ហើយលោកបានសង្កត់ធ្ងន់ថា ១.៥លាននាក់ ក្នុងចំណោមនោះ គួរតែជាកងទ័ពទូទៅ។ វាជាលើកទី៣ហើយ ដែលលោកប្រធានាធិបតីរុស្ស៉ី បានពង្រីកចំនួនកងទ័ព គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ លោក ពូទីន បានបញ្ជាឱ្យបង្កើនលើកទី១ ចំនួន១៣៧,០០០នាក់ និងលើកទី២ ចំនួន១៧០,០០០នាក់។
គួរបញ្ជាក់ថា យោងតាមទិន្នន័យពីវិទ្យស្ថានអន្តរជាតិឯកទេសខាងយោធា International Institute for Strategic Studies ហៅកាត់ IISS ការពង្រីកលើកទី៣នេះ នឹងធ្វើឱ្យរុស្ស៉ីវ៉ាសហរដ្ឋអាមេរិក ព្រមទាំងឥណ្ឌា ក្លាយជាប្រទេសលំដាប់ទី២ បន្ទាប់ពីចិន ដែលមានចំនួនកងទ័ពទូទៅច្រើនជាងគេបង្អស់។ វិទ្យាស្ថាន IISS អះអាងថា បច្ចុប្បន្ន រុស្ស៉ីស្ថិតនៅលេខរៀងទី៤ ជាមួយចំនួនកងទ័ពទូទៅ ១,៣២០,០០០នាក់ អាមេរិកនៅលេខ៣ ជាមួយកងទ័ពទូទៅ១,៣២៨,០០០នាក់ និងឥណ្ឌានៅលេខ២ ជាមួយកងទ័ពទូទៅ១,៤៧៥,៧៥០នាក់ ខណៈចិនឈរនៅលេខ១ដាច់គេ ជាមួយចំនួនកងទ័ពទូទៅ រហូតដល់២,០៣៥,០០០នាក់៕