(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋាភិបាលរបស់លោក មិនបានផ្ទេរសព្វាវុធណាមួយឱ្យទៅរុស្ស៉ីឡើយ ចាប់តាំងពីចូលកាន់អំណាច កាលពីខែសីហា ក្រោយក្រុមមហាអំណាចលោកខាងលិច បានចោទប្រកាន់អ៉ីរ៉ង់សាជាថ្មី អំពីការប្រគល់មីស៉ីលបាលិស្ទីគឱ្យទីក្រុងមូស្គូ ក្នុងខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន បានចោទប្រកាន់អ៉ីរ៉ង់ អំពីការផ្ទេរមីស៉ីលបាលិស្ទីគឱ្យទៅរុស្ស៉ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយថែមទាំងដាក់ទណ្ឌកម្មថ្មីទៀត លើទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់។ រុស្ស៉ីនិងអ៉ីរ៉ង់បានបដិសេធដូចគ្នា ចំពោះការចោទប្រកាន់របស់ក្រុមលោកខាងលិច។
នៅពេលត្រូវបានសាកសួរថាតើ អ៉ីរ៉ង់បានផ្ទេរមីស៉ីលឱ្យរុស្ស៉ីពិតមែន ឬយ៉ាងណានោះ លោក Pezeshkian បាននិយាយដូច្នេះថា «វាប្រហែលអាចទៅរួច ដែលរឿងបែបនោះ បានកើតឡើងកាលពីមុន ប៉ុន្តែខ្ញុំអាចធានាបានថា ចាប់តាំងពីឡើងកាន់តំណែងមក មិនមានការផ្ទេរអាវុធណាមួយ ទៅកាន់រុស្ស៉ីឡើយ»។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំនេះ Reuters ធ្លាប់បានរាយការណ៍ថា អ៉ីរ៉ង់បានផ្តល់ឱ្យរុស្ស៉ី នូវមីស៉ីលបាលិស្ទីគដ៏មានអានុភាព ក្នុងចំនួនច្រើន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាកាន់តែស៉ីជម្រៅ រវាងប្រទេសទាំងពីរ ដែលសុទ្ធតែត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម៕