(អាស្តាណា)៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានទទូចអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃចន្ទសប្តាហ៍នេះ ឱ្យបោះបង់ចោលគំនិតដែលថា អ៊ុយក្រែនអាចយកឈ្នះរុស្ស៉ីនៅលើសមរភូមិ ហើយងាកមកផ្តល់ការគាំទ្រដល់ផែនការសន្តិភាពរបស់ចិន សម្រាប់អ៊ុយក្រែន ប៉ុន្តែលោក Scholz បានបដិសេធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
លោក Tokayev បានប្រាប់លោក Scholz នៅទីក្រុងអាស្តាណាយ៉ាងដូច្នេះថា «វាគឺជាការពិតដែលរុស្ស៉ីមិនអាចត្រូវយកឈ្នះ នៅលើសមរភូមិបានឡើយ។ ការដុតបញ្ឆេះសង្រ្គាម ឱ្យកាន់តែក្តៅ មុខជានឹងនាំទៅរកផលវិបាក ដែលមិនអាចជួសជុលបាន សម្រាប់មនុស្សជាតិទាំងមូល ហើយសំខាន់បំផុតនោះ គឺសម្រាប់ប្រទេសនានាដែលពាក់ព័ន្ធ ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន»។
ទន្ទឹមគ្នានោះ លោកប្រធានាធិបតីកាហ្សាក់ស្ថាន បានស្នើឱ្យលោក Scholz គាំទ្រផែនការសន្តិភាព ដែលផ្តួចផ្តើមឡើងដោយចិន ប៉ុន្តែលោកអធិការបតីអាល្លឺម៉ង់ បដិសេធ។ លោក Scholz បាននិយាយថា អាល្លឺម៉ង់គាំទ្រអ៊ុយក្រែន ដោយសាររុស្ស៉ីឈ្លានពានអ៊ុយក្រែន ហើយទីក្រុងបែរឡាំង នឹងនៅតែបន្តប្រកាន់ជំហរបែបនេះ។ លោក Scholz បានបន្តថា កិច្ចប្រជុំសន្តិភាពអន្តរជាតិ ដែលគាំទ្រដោយលោកខាងលិចនៅប្រទេសស្វីស ចាំបាច់ត្រូវមានកិច្ចប្រជុំបន្ទាប់មួយទៀត ដែលនឹងរួមមានវត្តមានរុស្ស៉ី។
ចំណុចមួយចំនួន ក្នុងផែនការសន្តិភាពអ៊ុយក្រែនរបស់ចិន គឺរួមមាន ការអំពាវនាវឱ្យគោរពអធិតេយ្យ ព្រមទាំងធានាឯករាជ្យ និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ អនុវត្តបទឈប់បាញ់ ហើយចាប់ផ្តើមកិច្ចចរចាស្វែងរកសន្តិភាព។
គួរបញ្ជាក់ថា លោក Scholz កំពុងតែស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ នៅតំបន់អាស៉ីកណ្តាល ស្របពេលទីក្រុងបែរឡាំង សម្លឹងរកប្រភពថាមពលនិងធនធានរ៉ែថ្មី បន្ទាប់ពីទំនាក់ទំនងជាមួយរុស្ស៉ីបានធ្លាក់ចុះដល់បាត ដោយសារសង្រ្គាមនៅអ៊ុយក្រែន។ កាហ្សាក់ស្ថាន នៅបន្តជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៉ី ក្រោយការដួលរលំនៃអតីតសហភាពសូវៀត ប៉ុន្តែរដ្ឋាភិបាលទីក្រុងអាស្តាណា មិនបានប្រកាន់ជំហរ នៅខាងណាមួយឡើយ៕