(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានអំពាវនាវឱ្យមានការគាំទ្របន្ថែម ដល់ទីភ្នាក់ងារសេវាសម្ងាត់អាមេរិក (US Secret Service) បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានរារាំងកាលពីចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

លោក បៃដិន បានថ្លែងកាលពីថ្ងៃចន្ទថា លោកមានការដឹងគុណដែលលោក ត្រាំ មានសុវត្ថិភាព ប៉ុន្តែក៏បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការពង្រឹងសមត្ថភាពរបស់សេវាសម្ងាត់ ដើម្បីទប់ស្កាត់ការគំរាមកំហែងនាពេលអនាគត។

ការប៉ុនប៉ងធ្វើឃាតលើលោក ត្រាំ ត្រូវបានរារាំងនៅឯទីលានវាយកូនហ្គោលមួយកន្លែងក្នុងរដ្ឋ Florida កាលពីថ្ងៃអាទិត្យ។ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាត។ ព័ត៌មានលម្អិតអំពីការប៉ុនប៉ងធ្វើឃាតនេះ នៅមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។

ការប៉ុនប៉ងធ្វើឃាតនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់បេក្ខជនប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ ទីភ្នាក់សេវាសម្ងាត់អាមេរិក (US Secret Service) ទទួលបន្ទុកការពារប្រធានាធិបតី អនុប្រធានាធិបតី បេក្ខជនប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ទីភ្នាក់ងារនេះត្រូវបានរិះគន់កាលពីអតីតកាល ចំពោះការបរាជ័យក្នុងការការពារមន្ត្រីជាន់ខ្ពស់មួយចំនួន៕