(បរទេស)៖ ក្រោយពីចាប់ខ្លួន និងបង់ប្រាក់ធានានៅក្រៅឃុំ លោក Pavel Durov នាយកប្រតិបត្តិ Telegram បច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរបារាំងអនុញ្ញាតឱ្យដើរហើរនៅជុំវិញតំបន់ដែលលោកស្នាក់ប៉ុណ្ណោះ នៅក្នុងប្រទេសបារាំងបាន ដោយក្នុងនោះលោកបង្ហាញខ្លួនត្រូវរាយការណ៍ព័ត៌មានជូនអាជ្ញាធរចំនួន ២ដងក្នុងមួយសប្ដាហ៍ ព្រមទាំងស្ថិតក្រោមការឃ្លាំមើលពីសំណាក់សមត្ថកិច្ច ប៉ុន្តែលោកមិនអាចចាកចេញពីប្រទេសបារាំងបានឡើយ។
គិតមកដល់ពេលនេះ អាជ្ញាធរ ឬតុលាការបារាំងនៅមិនទាន់ប្រកាសឱ្យដឹងជាសាធារណៈនៅថ្ងៃកំណត់បើកសវនាការកាត់ក្ដីលោក Durov នោះទេ ខណៈដែលបទល្មើសព្រហ្មទណ្ឌជាច្រើន រួមមាន ការប្រើប្រាស់ Telegram ជាកន្លែងឆបោក បង្ហោះរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន និងក្លែងបន្លំ ព្រមទាំងការបដិសេធកិច្ចសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ការលាងលុយកខ្វក់ និងការផ្ដល់សេវា crypto សម្រាប់ពួកឧក្រិដ្ឋជន ត្រូវបានចោទប្រកាន់។
មានអ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារ និងចូលទៅរាយការណ៍ពីស្ថានភាពនៃការប្រើប្រាស់ Telegram នៅលើបណ្ដាញសង្គម X និងគេហទំព័រ Downdetector ថា មួយរយៈក្រោយនេះការប្រើប្រាស់ Telegram ហាក់មានភាពមិនល្អដូចមុននោះទេ ចេះតែរអាក់រអួល និងមានពេលខ្លះគាំងផងដែរ។
លោក Pavel Durov នាយកប្រតិបត្តិ Telegram អាចនឹងប្រឈមមុខជាប់គុកច្រើនឆ្នាំ និងពិន័យជាប្រាក់ ៥០ម៉ឺនអឺរ៉ូ បើសិនជាអាជ្ញាធរបារាំងឃើញថា គាត់មានជាប់ពាក់ព័ន្ធនៅក្នុងបទចោទប្រកាន់ ៣ធំៗគឺ ការរំលោភបំពានផ្លូវភេទកុមារ, ការជួញដូរគ្រឿងញៀន និងប្រតិបត្តិការក្លែងបន្លំ៕