(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា លោកប្រធានាធិបតី Masoud Pezeshkian នឹងទៅចូលរួម កិច្ចប្រជុំកំពូល BRICS ដែលធ្វើឡើងក្នុងប្រទេសរុស្ស៉ី ចំពេលដែលទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ ជាមួយលោកខាងលិច កាន់តែតានតឹង ជុំវិញកិច្ចសហប្រតិបត្តិការយោធារុស្ស៉ី-អ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៤។
ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំរុស្ស៉ី លោក Kazem Jalali បានទទួលស្គាល់ព័ត៌មាននេះ ដោយនិយាយថា លោក Pezeshkian នឹងចូលរួមកិច្ចប្រជុំក្រុមប្រទេស BRICS ដែលមានសមាជិកដូចជា ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា នៅទីក្រុង Kazan ប្រទេសរុស្ស៉ី។ លោក Pezeshkian នឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីនោះ។ អ៉ីរ៉ង់ និងរុស្ស៉ី ក៏គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទ្វេភាគី ផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន ចោទប្រកាន់អ៉ីរ៉ង់ថាបានបញ្ជូនអាវុធទៅឱ្យរុស្ស៉ី ប៉ុន្តែអ៉ីរ៉ង់បដិសេធ។ សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងបារាំងទើបនឹងដាក់ទណ្ឌកម្មថ្មីៗលើអ៉ីរ៉ង់ រួមទាំងវិធានការលើក្រុមហ៊ុនអាកាសចរណ៍ជាតិ Iran Air របង់អ៉ីរ៉ង់ផងដែរ៕